(ម៉ានីល)៖ វិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីន (Phivolcs) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ លើសកម្មភាព ភ្នំភ្លើងដ៏សកម្មកាន់ឡូន (Kanlaon) នៅក្នុងខេត្ត ណេក្រូស អុនស៊ីដិនថល (Negros Occidental) ស្ថិតនៅភាគកណ្ដាលនៃប្រទេស បន្ទាប់មានការរញ្ជួយដីស្រាលៗ ១៣៦លើក គិតចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញនេះមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

បើតាមវិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីន ប្រជាជនទាំងនៅក្បែរតំបន់ភ្នំភ្លើង Kanlaon គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ខណៈសកម្មភាពភ្នំភ្លើងដ៏សកម្មមួយនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រកាសអាសន្នកម្រិតទី១។ ការប្រកាសអាសន្នកម្រិតទី១នេះ គឺមានន័យថា ភ្នំភ្លើង Kanlaon កំពុងស្ថិតនៅក្នុងស្ថានភាព មិនប្រក្រតី ហើយវិវត្តទៅជាស្ថានភាពចលាចលក៏ថាបាន។

គួរបញ្ជាក់ថា Kanlaon គឺជាភ្នំភ្លើងមួយមានកម្ពស់បំផុតនៅកោះ Negros និងទូទាំងតំបន់ វិសាយ៉ាស់ (Visayas) ដោយវាមានកម្ដស់ ២,៤៦៥ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ ហ្វីលីពីនគឺជាប្រទេសមួយដែលងាយរងគ្រោះ ដោយសារគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ដោយសារតែសណ្ឋានដីប្រទេសមួយនេះ ស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដោយមានភ្នំភ្លើងសកម្មយ៉ាងហោចណាស់ ២៤៕