(ម៉ាឌ្រីដ)៖ លំហូរចរាចរណ៍បានកើតមានសាជាថ្មីឡើងវិញ នៅព្រំប្រទល់រវាងប្រទេសអេស៉្បាញ និងប្រទេសបារាំង នាថ្ងៃអាទិត្យនេះ ខណៈ ការរឹតត្បិតចុងក្រោយបំផុត ដែលរដ្ឋាភិបាលអេស៉្បាញបានដាក់ចេញកាលពីខែមីនា ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺ COVID-19 ត្រូវបានដកចេញទៅវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។

កន្លងទៅក្នុងខែមិថុនានេះ នាយករដ្ឋមន្រ្តីអេស៉្បាញលោក Pedro Sanchez បានប្រកាសថា រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដនឹងដកការត្រួតពិនិត្យ តាមព្រំដែនជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបចេញវិញ ចាប់ពីថ្ងៃទី២១ ខែមិថុនាទៅ ស្របពេលការរាតត្បាតនៃជំងឺ COVID-19 ហាក់ស្ថិត ក្រោមការគ្រប់គ្រងបាន។

កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋាភិបាលអេស៉្បាញបានប្រកាសថា ចាប់ពីថ្ងៃអាទិត្យនេះតទៅ ពលរដ្ឋនៃប្រទេសជាសមាជិក EU ព្រមទាំង អ្នកដែលមកពីតំបន់មិនត្រូវការលិខិតឆ្លងដែន Schengen នឹងអនុញ្ញាតឲ្យចូលមកកាន់ប្រទេសអេស៉្បាញដោយសេរី ដោយពុំចាំបាច់ត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃឡើយ។ យ៉ាងណាមិញ ព័រទុយហ្គាល់បានបញ្ជាក់ថា ទាល់តែដល់ថ្ងៃទី០១ ខែកក្កដា ទើបបើកព្រំដែនជាមួយ អេស៉្បាញ។

គួរជម្រាបថា អេស៉្បាញស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាមួយចំនួនអ្នកស្លាប់ ជាង២៨,០០០នាក់ ក្នុងចំណោមអ្នកឆ្លងជិត៣០០,០០០នាក់៕