(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានឱ្យដឹងថា កាំភ្លើងបង្រ្កាបកុបកម្ម ឬ «less lethal» ដែលប៉ូលិសអាមេរិកប្រើប្រាស់កំឡុងទប់ស្កាត់ និងបំបែកហ្វូង បាតុករទាមទារយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd នៅទូទាំងសហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្ដាហ៍មុន អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

បើតាមលោក Scott Reynhout ជាអ្នកសា្រវជ្រាវម្នាក់មកពីទីក្រុង ឡូស អាន់ជែលឡែស កាំភ្លើងបង្រ្កាបកុបកម្ម ឬ «less lethal» ជាធម្មតាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ អាយុជីវិតមនុស្សនោះទេ។ ប៉ុន្តែ កំឡុងការទប់ស្កាត់ និងបំបែកហ្វូងបាតុករប្រើហិង្សា កាំភ្លើងប្រភេទនេះខ្លះដែលប៉ូលិសអាមេរិកបានប្រើ ត្រូវបានគេរកឃើញថានៅតែ អាចបង្កឱ្យមនុស្សរបួសធ្ងន់ ឬអាចបាត់បង់ជីវិតបាន។

លោក Scott Reynhout បន្ថែមទៀតថាក្រោយការសម្ភាសន៍ជាមួយជនរងគ្រោះ ក៏បានបង្ហាញដែរថា «less lethal» បានធ្វើឱ្យបាតុករយ៉ាងហោច ៥៦នាក់ រងរបួស ក្បាលធ្ងន់ធ្ងរ ក្នុងនោះរួមមានទាំងពិការភ្នែកផងដែរ៕