(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហភាពអឺរ៉ុបគួរតែប្ដឹងចិន ឡើងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ ប្រសិនបើទីក្រុងប៉េកាំងដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ។

២៖ អាជ្ញាធរទីក្រុងប៉េកាំង បានឈានទៅធ្វើការត្រួតពិនិត្យចំណីអាហារផ្សេងៗ ដើម្បីស្វែងរកមេរោគកូរ៉ូណាហើយចំពោះបុគ្គលិកដឹកជញ្ជូនចំណីអាហារនៅ តាមផ្សារ ឬហាងនានា ក៏តម្រូវឲ្យទៅធ្វើតេស្តផងដែរ ព្រោះករណីឆ្លងថ្មីៗកំពុងត្រូវបានរកឃើញជាប្រចាំ ក្នុងរយៈពេលមួយសប្តាហ៍មកនេះ។

៣៖ ប្រមុខ WHO ព្រមានថាពិភពលោកស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់ថ្មីមួយ​ខណៈ COVID-19 បន្តរាតត្បាតខ្លាំងនៅទ្វីបអាមេរិក។

៤៖ ប្រទេសកូរ៉េខាងជើងកំពុងត្រៀម បញ្ជូនខិតប័ណ្ណឃោសនាទ្រង់ទ្រាយធំ នៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ដើម្បីជាការសងសឹកទៅកូរ៉េខាងត្បូងវិញ ដែលបានបណ្តែតបណ្តោយឲ្យអ្នកនយោបាយរត់ចោលជួរកូរ៉េខាងជើង បន្តបង្ហោះខិត្តប័ណ្ណប្រឆាំងនឹងមេដឹកនាំរបស់ខ្លួន។

៥៖ នៅក្នុងរបាយការណ៍ថ្មីសម្រាប់ថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ១៤,៥១៦នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺ COVID-19 កន្លងមកនេះ។ ក្រៅពីករណីឆ្លង ឥណ្ឌាក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៣៧៥នាក់ទៀតផងដែរ។

៦៖ ក្រុមអ្នកធ្វើបាតុកម្មតវ៉ានៅទីក្រុងវ៉ាស៊ីនតោន បានផ្តួលរំលំ និងដុតរូបសំណាកឧត្តមសេនីយ៍ម្នាក់នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) បន្ទាប់ពីបាតុករជាច្រើន បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីទាមទារយុត្តិធម៍ផ្នែកជាតិសាសន៍ ក្នុងទិវារំលឹកខួបបញ្ចប់ទាសភាពនៅសហរដ្ឋអាមេរិក ឬហៅថា ជូនធីន (Juneteenth)។៕