(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ារំពឹងថា ខ្លួននឹងអាចចាប់ផ្តើមបើកឲ្យមានទេសចរណ៍​ក្នុងស្រុកឡើយវិញនៅត្រីមាសទី ៣នៃឆ្នាំ២០២០ នេះតែម្តង ហើយសម្រាប់ជំឈានទីមួយ​ដើម្បីជួយវិស័យទេសចរណ៍ឲ្យងើបឡើងវិញ គឺក្រោមគម្រោង សង្គ្រោះវិស័យទេសចរណ៍នៅសម័យ COVID-19 ដែលត្រូវបានដាក់ចេញ។ នេះបើតាមការលើកឡើងរបស់មន្រ្តីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា ដងស្រង់ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ​នៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

គម្រោងនេះបានដាក់ឲ្យអនុវត្តក្នុងពេលថ្មីៗនេះដែលផ្តោតទៅលើការ បើកទេសចរណ៍ក្នុងស្រុកវិញឲ្យបានឆាប់រហ័ស តាមលទ្ធភាពដែលអាចធ្វើទៅបាន​ដើម្បីជួយជំរុញឲ្យវិស័យទេសចរណ៍ងើបឡើងវិញ​ក្នុងចន្លោះពី ២០-២៥ភាគរយ។

បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការសាសនា និងវប្បធម៌ កំពុងតែធ្វើការពិភាក្សា ឲ្យមានការបើកឡើងវិញនូវទីវត្តអារ៉ាម និងតំបន់វប្បធម៌នានាឲ្យបានឆាប់។ ទន្ទឹងនឹងនេះដែរ វិស័យទេសចរណ៍ ក្នុងតំបន់នឹងចាប់ផ្តើមដំណើរការឡើយវិញ នៅត្រឹមត្រីមាសទី ៤ នៅក្នុងឆ្នាំនេះដែលផ្តោតទៅលើការភ្ជាប់ឡើងវិញ នៃជើងហោះហើររវាងប្រទេស កម្ពុជា ឡាវ វៀតណាម និងថៃ។

មីយ៉ាន់ម៉ាក៏រំពឹងដែរថា វិស័យទេសចរណ៍អាស៊ីជាពិសេសជាមួយប្រទេស ចិន និង ជប៉ុន អាចចាប់ផ្តើមវិញនៅដើមឆ្នាំ ២០២១ ដែលសង្ឃឹមថានឹងអាចងើបឡើងពីចន្លោះ ៥០-៦០ ភាគរយ ខណៈពេលដែលវិស័យទេសចរណ៍អន្តរជាតិត្រូវបានគេរំពឹងថា នឹងអាចក្រោកឡើងវិញបានពីចន្លោះ ៨០-៩០ភាគរយនៅដើមឆ្នាំ ២០២២។

ផែនការសង្គ្រោះវិស័យទេសចរណ៍នេះ មានយុទ្ធសា្រស្តសំខាន់ៗបីដែលមានដូចជា ការរស់រាន ឯករាជ្យភាពហិរញ្ញវត្ថុ និងកព្ចាប់ថវិកាសង្គ្រោះបន្ទាន់។ លើសពីនេះទៅទៀត ការបន្ថូរបន្ថយការរឹតត្បឹតការវិនិយោគឡើងវិញ លើវិស័យទេសចរណ៍មីយ៉ាន់ម៉ា និង ការបន្ថូរបន្ថយបទបញ្ជាសំរាប់ការធ្វើដំណើរ នឹងត្រូវអនុវត្តស្របតាមពេលវេលា ដែលបានដាក់ចេញខាងលើ។

គួរបញ្ជាក់ថា ក្រោមគម្រោងខាងលើនេះ ក្រសួងពាក់ព័ន្ធមីយ៉ាម៉ានឹងចាប់ផ្តើមចាត់វិធានការដូចជា លើកលែងពន្ធលើការសុំអាជ្ញាប័ណ្ណរយៈពេលមួយឆ្នាំ ពន្យារថ្លៃជួលសណ្ឋាគាររបស់រដ្ឋរយៈពេល ០៦ខែ រៀបចំឲ្យមានការបណ្តុះបណ្តាលតាមប្រព័ន្ធ អ៉ីនធើណិត ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ និងកព្ចាប់ថវិកាសំរាប់អង្គភាពដែលពាក់ព័ន្ធ ការដាក់ដំណើកការយុទ្ធការផ្សព្វផ្សាយទេសចរណ៍​តាមប្រព័ន្ធឌីជីថល និងយុទ្ធសាស្រ្តលើកកម្ពស់ម៉ាកផលិតផលក្នុងស្រុក​តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)៕