(វ៉ាស៊ីនតោន)៖ ក្រុមអ្នកធ្វើបាតុកម្មតវ៉ានៅទីក្រុងវ៉ាស៊ីនតោន បានផ្តួលរំលំ និងដុតរូបសំណាកឧត្តមសេនីយ៍ម្នាក់នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) បន្ទាប់ពីបាតុករជាច្រើន បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីទាមទារយុត្តិធម៍ផ្នែកជាតិសាសន៍ ក្នុងទិវារំលឹកខួបបញ្ចប់ទាសភាពនៅសហរដ្ឋអាមេរិក ឬហៅថា ជូនធីន (Juneteenth)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

ក្រោយពីស្ងប់ស្ងាត់អស់ប៉ុន្មានថ្ងៃ នៃការធ្វើបាតុកម្មប្រឆាំងនឹង ទង្វើរើសអើងជាតិសាសន៍ជាលក្ខណៈប្រព័ន្ធ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការស្លាប់របស់ជនជាតិស្បែកខ្មៅលោក ចច ហ្វ្លយដ៍ (George Floyd) រួចមក នៅថ្ងៃទី១៩ ខែមិថុនានេះ ដែលត្រូវនឹងថ្ងៃនៃទិវារំលឹកខួប នៃការបិទបញ្ចប់ទាសភាពនៅក្នុងសហរដ្ឋអាមេរិក មានបាតុករជាច្រើនបានប្រមូលផ្តុំគ្នាសារជាថ្មី ដើម្បីទាមទារយុត្តិធម៍ជាតិសាសន៍។ បាតុកកម្មទាំងនោះ បានកើតឡើងនៅទីក្រុងអាត្លង់តា (Atlanta), រដ្ឋឈីកាហ្គោ (Chicago), ទីក្រុងឡូសអេនជឺលេស(Los Angeles), ទីក្រុងញូយ៉ក (New York) និងរដ្ឋធានីវ៉ាស៊ីនតោន (Washington DC)។

Juneteenth គឺជាទិវាដែលបានកើតឡើងដំបូងនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ១៨៦៥។ នៅពេលនោះ ឧត្តមសេនីយ៍ម្នាក់បានទៅដល់រដ្ឋតិចសាស់ ហើយបានជូនដំណឹងប្រាប់ទៅទាសករនៅទីនោះថា ពួកគេមានសេរីភាពវិញហើយ។ ពោលគឺ ០២ខែបន្ទាប់ពីសង្គ្រាមស៊ីវិលបានបិទបញ្ចប់ និង ០២ឆ្នាំកន្លះបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក អាប្រាហាំ លីនខុន (Abraham Lincoln) បានចេញសេចក្តីប្រកាសរំសាយទាសភាពទាំងអស់នៅសហរដ្ឋអាមេរិក។

ជាធម្មតាទិវានេះត្រូវបានប្រារព្ធ ដោយការអធិដ្ឋាន និងជួបជុំគ្នាជាលក្ខណៈគ្រួសារប៉ុណ្ណោះ តែឆ្នាំនេះវាកើតឡើងចំពេលដែល សំរែកទាមទារកយុត្តិធម៌ជាតិសាសន៍នៅសហរដ្ឋអាមរិកផ្ទុះឡើងជាថ្មី បន្ទាប់ការស្លាប់ជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ស្លាប់ក្រោមជង្គង់ប៉ូលីស កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ រហូតឈានដល់ការផ្តួលរំលំរូបសំណាកខាងលើ ដើម្បីបង្ហាញថា យុត្តិធម៌ជាតិសាសន៍នៅអាមេរិក គឺមិនដែលមាននោះឡើយ៕