(ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំង បានឈានទៅធ្វើការត្រួតពិនិត្យចំណីអាហារផ្សេងៗ ដើម្បីស្វែងរកមេរោគកូរ៉ូណា ហើយចំពោះបុគ្គលិកដឹកជញ្ជូនចំណីអាហារនៅតាមផ្សារ ឬហាងនានា ក៏តម្រូវឲ្យទៅធ្វើតេស្តផងដែរ ព្រោះករណីឆ្លងថ្មីៗកំពុងត្រូវបានរកឃើញជាប្រចាំ ក្នុងរយៈពេលមួយសប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃសៅរ៍នេះ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន ២៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៤ករណីទៀតជាករណីនាំចូលពីបរទេស។

បើតាមការបញ្ជាក់ពីគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ២៣ករណីខាងលើនេះ រដ្ឋធានីប៉េកាំងបានរ៉ាប់រងចំនួន ២២ករណីតែឯង។ ចំណែកឯ ០១ករណីទៀតត្រូវបានរាយការចេញពីខេត្តហឺប៉ី (Hebei)។

នៅក្នុងរបាយការណ៍តែមួយនេះ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ទៀតថា ខ្លួនក៏បានកត់ត្រាអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៣៤១០នាក់។ គិតត្រឹមពេលនេះ ចិនមានករណីឆ្លង COVID-19 សុរប ៨៣,៣២៥ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែលសម្រាប់រយៈពេលជាច្រើនសប្តាហ៍មកហើយ៕