(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ កាលពីខែមេសាកន្លងទៅ បានអះអាងថាចិនកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ជាពិសេសគឺប្រើប្រាស់ការឆ្លងរាតត្បាត COVID-19 ដើម្បី ធ្វើឱ្យលោកចាញ់នៅក្នុងបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សៀវភៅថ្មីរបស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក​ លោក John Bolton មានចំណងជើងថា «The Room Where It Happened» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះ បែរជាអះអាងទៅវិញថា លោក ដូណាល់ ត្រាំ ធ្លាប់ ស្នើឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជួយរូបលោកឱ្យជាប់ឆ្នោតជាថ្មីម្ដងទៀត។

ការស្នើសុំជំនួយនេះ កើតមានឡើងនៅក្នុងកិច្ចប្រជុំមួយរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នាឱកាសដែលមេដឹកនាំទាំង២ ចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង អូសាកា ប្រទេសជប៉ុន កាលពីខែមិថុនា ឆ្នាំ២០១៩។ បើតាមក្រុមអ្នកជំនាញ ក្នុងគំនិតថ្នាក់ដឹកនាំចិន ទោះបីជានរណាធ្វើជាប្រធានាធិបតីអាមេរិក ក៏មិនប្រាកដថាទំនាក់ទំនង​រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ល្អូកល្អើននឹងគ្នានោះដែរ។ នៅក្នុងន័យនេះរវាងលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ មិនថានរណាជាប់ឆ្នោតជាប្រធានាធិបតី​អាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ គឺនយោបាយអាមេរិកចំពោះចិន គ្មានអ្វីផ្លាស់ប្ដូរឡើយ នោះគឺ «ទប់ស្កាត់ និងប្រឆាំងឥទ្ធិពលចិន» នៅលើឆាកអន្តរជាតិ ពោលគឺ ទាស់ខុសគ្នា ត្រង់យុទ្ធសាស្រ្តតែប៉ុណ្ណោះ។ តែទោះជាបែបនេះក្ដី រវាងលោក ត្រាំ និងលោក បៃដិន ចិនទំនងជាចង់ឱ្យលោក ត្រាំ បន្តធ្វើជាប្រធានាធិបតីអាមេរិកជាង។

* ចិនចង់ឱ្យលោក ដូណាល ត្រាំ បន្តធ្វើជាប្រធានាធិបតីអាមេរិក?

បើតាមសារព័ត៌មាន Bloomberg ក្រុមមន្ត្រីចិនមួយចំនួនចង់ឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មី ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ នេះ ពីព្រោះពួកគេរំពឹងថាលោក ត្រាំ អាចនឹងបន្តអនុវត្តតាម «នយោបាយតម្កល់ប្រយោជន៍អាមេរិកមុនគេ ឬ American First» ដែលបាន និងកំពុងបំផ្លាញទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ហើយធ្វើឱ្យគោលជំហរ និងតួនាទីរបស់ចិននៅលើឆាកអន្តរជាតិកាន់តែរឹងមាំ។

នយោបាយ American First របស់លោក ដូណាល់ ត្រាំ ក្នុងរយៈពេលជិតមួយអាណត្តិមកនេះបានធ្វើឱ្យគោលជំហរ និងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិកាន់តែរឹងមាំ ឡើង ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន ជាមួយសម្ព័ន្ធមិត្តលោកខាងលិច មានភាពប្រេះឆានឹងគ្នា រាប់ចាប់ពីភាពល្អក់កករ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បង្កឡើង ជាមួយអង់គ្លេស និងកាណាកា ជុំវិញបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei, ជម្លោះជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងសង្រ្គាមដំឡើងពន្ធ, ការកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុដល់ អង្គការសុខភាពពិភពលោក ដែលនាំឱ្យអន្តរជាតិថ្កោលទោស និងចុងក្រោយបំផុត គឺការប្រកាសពីផែនការដកទ័ពអាមេរិកជាង ១០,០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ដែល ប្រការនេះអាចនឹងបំផ្លាញដល់ទំនុកចិត្តរបស់សម្ព័ន្ធមិត្ត NATO ដទៃចំពោះសហរដ្ឋអាមេរិក ក្នុងការការពារពួកគេ។ ទាំងនេះមិនទាន់រាប់បញ្ចូលរឿងអាស្រូវ និងភាពចម្រូង ចម្រាស ដែលលោក ដូណាល់ ត្រាំ ខ្លួនឯងបង្កឡើងនៅក្នុងសហរដ្ឋអាមេរិកផង។

ថ្លែងប្រាប់សារព័ត៌មាន Bloomberg អតីត និងមន្ត្រីចិនបច្ចុប្បន្នចំនួន៩រូប ក្នុងនោះរួមទាំង លោក Zhou Xiaoming បាននិយាយថាសហរដ្ឋអាមេរិក មានគ្រោះថ្នាក់បំផុត ចំពោះ​ចិន នៅពេលពួកគេប្រមូលផ្ដុំកម្លាំងសាមគ្គីគ្នា ជាមួយសម្ព័ន្ធមិត្តប្រឆាំងនឹងចិន ហើយរឿងបែបនេះអាចនឹងកើតឡើង បើសិនជាបេក្ខជនប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យ លោក ចូ បៃដិន ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ លោក Zhou Xiaoming ជាអតីតអ្នកចរចាពាណិជ្ជកម្មចិន បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ក្នុងសប្ដាហ៍នេះដូច្នេះថា៖ «បើសិនជាលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ខ្ញុំគិតថាវាអាចនឹងក្លាយជា រឿងគ្រោះថ្នាក់បំផុត ចំពោះចិន ពីព្រោះគាត់អាចនឹងធ្វើការ ហើយប្រមូលកម្លាំងសាមគ្គីជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីប្រឆាំងចិន ផ្ទុយពីលោក ដូណាល់ ត្រាំ ដែលកំពុង បំផ្លាញសម្ព័ន្ធភាពអាមេរិក ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនឯង»។ តែទោះជាយ៉ាងណាក៏ដោយ លោក Zhou នៅតែយល់ថា រវាងលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ មិនថា នរណាជាប់ឆ្នោតជា​ប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ នយោបាយអាមេរិកចំពោះចិន នឹងគ្មានអ្វីផ្លាស់ប្ដូរឡើយ នោះគឺ «ទប់ស្កាត់ និងប្រឆាំងឥទ្ធិពល ចិន» នៅលើឆាកអន្តរជាតិ ពោលគឺទាស់ខុសគ្នាត្រង់យុទ្ធសាស្រ្តតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ដោយសារតែវិបត្តិ COVID-19 និងបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ ក្នុងសហរដ្ឋអាមេរិក កាលពីចុងខែឧសភា កន្លងទៅ ក្រុមអ្នកជំនាញមួយចំនួនគិតថា វាអាចនឹងធ្វើឱ្យមហិច្ឆិតាចង់ក្លាយជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត របស់លោក ដូណាល់ ត្រាំ ជួបឧបសគ្គធំ ខណៈការស្ទង់មតិជាច្រើនបង្ហាញថា លោក ចូ បៃដិន ទទួលបានការគាំទ្រពីប្រជាជនអាមេរិកច្រើនជាងរូបលោក រហូតដល់ទៅ១៣ពិន្ទុ។ ក៏ប៉ុន្តែ នេះមិនមែនមានន័យថាលោក ដូណាល់ ត្រាំ បាត់បង់ឱកាសប្រជែងយកកៅអី សេតវិមានទាំងស្រុងនោះទេ ដ្បិតការគាំទ្ររបស់លោក ត្រាំ នៅក្នុងចំណោមអ្នកមាននិន្នាការអភិរក្សនិយម នៅតែមានភាពរឹងមាំដដែល ហើយលោកនៅតែមានឱកាសស្ដារ ស្ថានភាពឡើងវិញ បើសិនជាសេដ្ឋកិច្ចជាតិអាមេរិក វិលត្រឡប់ទៅរកភាពប្រក្រតីវិញទាន់ពេលវេលា៕

ប្រភព៖ Bloomberg (ថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០)