(កាលីហ្វ័រញ៉ា)៖ សនិ្តសុខយាមហ្គារ៉ាស់រថយន្ដ ម្នាក់នៅក្នុងទីក្រុងឡូសអាន់ជែឡេស (Los Angeles) ត្រូវបានប៉ូលិសបាញ់សម្លាប់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីរូបគេរត់គេចចេញពីមន្ត្រីប៉ូលិស ដោយសារតែការភ័យខ្លាច។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន The Sun នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក សនិ្តសុខយាមហ្គារ៉ាស់រថយន្ដខាងលើមានឈ្មោះថា អាន់ដ្រេស ហ្គាដាដូ (Andres Guardado) អាយុ​១៨ឆ្នាំ ហើយហេតុការណ៍ខាងលើ បានកើតឡើងនៅពេល Guardado ឃើញមន្ត្រីល្បាតនៅក្នុងតំបន់ ប៉ុន្តែយុវជនរូបនេះស្រាប់តែបង្ហាញកំាភ្លើងរបស់ខ្លួន​ដាក់ប៉ូលិសមុនរត់គេចខ្លួនទាំងស្លន់ស្លោ។ ក្រុមមន្ត្រីប៉ូលិសបានដេញតាមពីក្រោយ ហើយនៅពេលនោះដែរ ប្រហែលជាម៉ោង ៦៖០០នាទីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប៉ូលិសម្នាក់បានបាញ់សម្លាប់ Guardado តែម្ដង។ ប៉ុន្តែមូលហេតុនៃការបាញ់សម្លាប់យុវជន Guardado មិនទាន់មានការបញ្ជាក់លម្អិតឱ្យច្បាស់នោះទេ ខណៈក្រុមគ្រួសារយុវជនរូបនេះ និងម្ចាស់ហ្គារ៉ាស់រថយន្ដស្នើឱ្យប៉ូលិស ពន្យល់ពីហេតុផលដែលឈានដល់ការបាញ់សម្លាប់នេះ។

គួរបញ្ជាក់ថា ការបាញ់សម្លាប់យុវជន Andres Guardado កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងបាតុកម្ម​ប្រឆាំងអំពើឃោរឃៅប្រព្រឹត្តដោយប៉ូលិស និងការរើសអើងពូជសាសន៍លើ ពលរដ្ឋអាមេរិកកាំងស្បែកខ្មៅ បន្ទាប់ពី George Floyd ត្រូវបានប៉ូលិសម្នាក់យកជង្គង់សង្កត់ក​រហូតដល់ស្លាប់កាលពីចុងខែឧសភា កន្លងទៅ៕