(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួនបានលុបចោលការផ្សព្វផ្សាយពាណិជ្ជកម្មមួយ ដែលរៀបចំឡើងដោយក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយសារតែមានប្រើប្រាស់និមិត្តសញ្ញាត្រីកោណ របស់អតីតរបបផ្ដាច់ការអាល្លឺម៉ង់ណាហ្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

បើតាមក្រុមហ៊ុន Facebook ការផ្សព្វផ្សាយពាណិជ្ជកម្ម រៀបចំឡើងដោយក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺបានរំលោភបំពានលើគោលការណ៍ ប្រឆាំងនឹងញុះញង់ឱ្យមានការស្អប់ខ្ពើម។ អ្នកនាំពាក្យក្រុមហ៊ុន Facebook លោក អ៊ែនឌី ស្តូន (Andy Stone) បានថ្លែងប្រាប់ CNN យ៉ាងដូច្នេះថា «យើងបានលុបចោលការបង្ហោះ និងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះ ដោយសារតែវារំលោភលើគោលការណ៍របស់យើង ប្រឆាំងនឹងសកម្មភាពញុះញង់ឱ្យមានការស្អប់ខ្ពើមគ្នា។ គោលការណ៍ របស់យើងគឺហាមឃាត់ការប្រើប្រាស់និមិត្តរូប ឬនិមិត្តសញ្ញានៃក្រុមរើសអើងពូជសាសន៍ ក៏ដូចជាមនោគមន៍វិជ្ជាបង្កការស្អប់ខ្ពើម និងការរើសពូជសាសន៍ លើកលែងតែនៅក្នុងករណីថ្កោលទោស និងជជែកពិភាក្សាពីវាតែប៉ុណ្ណោះ»

តែយ៉ាងណាក៏ដោយ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ពួកគេប្រើប្រាស់និមិត្តសញ្ញារបស់អតីតរបបផ្ដាច់ការអាល្លឺម៉ង់ណាហ្ស៊ី គឺមានគោលដៅទៅលើក្រុមឆ្វេងនិយមជ្រុល អាន់ទីហ្វា (antifa) ដែលប្រើប្រាស់និមិត្តសញ្ញានេះតែប៉ុណ្ណោះ៕