(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានៅថ្ងៃសុក្រនេះបានឱ្យដឹងថា ចិនបានដោះលែងកងទ័ពឥណ្ឌា ១០នាក់់ ដែលត្រូវបានចាប់ខ្លួនកំឡុងការផ្ទុះអាវុធដាក់គ្នា នៅឯតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំង ២ នៃតំបន់ជួរភ្នំហិម៉ាល័យ (Himalayas) ដែលបណ្ដាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មានឥណ្ឌា Press Trust of India កងទ័ពឥណ្ឌា ១០នាក់ត្រូវបានដោះលែង​កាលពីថ្ងៃព្រហស្បតិ័ម្សិលមិញ ហើយការដោះលែងនេះទៀតសោត ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំ​ដើម្បីបន្ធូរបន្ថយភាពតានតឹងជាបន្តបន្ទាប់ រវាងមន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌា។ រដ្ឋាភិបាលទីក្រុងញូដេលី មិនបានទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ប៉ុន្តែខាងកងទ័ពឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយនិយាយថា គ្មានកងទ័ពឥណ្ឌាណាម្នាក់បាត់ខ្លួន នៅក្នុងជម្លោះជាមួយចិន​នៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅឡើយ។

គួរបញ្ជាក់ថា បើតាមភាគីឥណ្ឌា កងទ័ពរបស់ខ្លួនយ៉ាងហោច ២០នាក់បានស្លាប់ និង ១៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរងរបួសធ្ងន់។ ចំណែកឯចិនវិញក៏បានទទួលស្គាល់ថា កងទ័ពរបស់ខ្លួនមានអ្នកស្លាប់ និងរបួសផងផងដែរ ប៉ុន្តែមិនបានបញ្ចេញតួលេខលម្អិតឡើយ៕