(វ៉ាស៊ីនតោន)៖ ពេលនេះលោក ដូណាល់ ត្រាំ កំពុងតែទទួលរងការវាយប្រហារជាថ្មី អំពីភាគីទាំងសងខាង នោះគឺពីសំណាក់បក្សប្រជាធិបតេយ្យផង និងអតីតមន្ត្រីក្រោមរដ្ឋបាលដឹកនាំរបស់លោកផង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

ជាក់ស្តែងនៅអំឡុងពេលដែលលោក ដូណាល់ ត្រាំ កំពុងមានជម្លោះប្រទាញប្រទុង ជាមួយអតីតទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) មកពីគណបក្សប្រជាធិបតេយ្យ បានប្រកាសក្តែងៗតែម្តងថា លោក ត្រាំ មិនសក្តិសមជាប្រធានាធិបតី ដឹកនាំសហរដ្ឋអាមេរិកនោះឡើយ។

លោក Pelosi ដែលជាគូវិវាទយ៉ាងសកម្មកន្លងមក និងធ្លាប់ជាអ្នកចង់អូសលោក ត្រាំ ចេញពីតំណែងប្រធានាធិបតីឲ្យខាងតែបាននោះ បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ មិនមានភាពសក្តិសម ព្រោះទាំងផ្នែកសីលធម៌ និងបញ្ញា គឺមិនមានលក្ខណៈគ្រប់គ្រាន់ ក្នុងការធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកឡើយ»

គួរបញ្ជាក់ថា កាលពីអំឡុងដើមសប្តាហ៍នេះសៀវភៅមួយក្បាលថ្មី ដែលត្រៀមចេញផ្សាយជាសាធារណៈដោយ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន បានធ្វើឲ្យលោក ដូណាល់ ត្រាំ ក្តៅស្លឹកត្រចៀកជាខ្លាំង ជាពិសេសនៅត្រង់ចំណុចដែលសរសេរថា លោក ត្រាំ ធ្លាប់បានស្នើសុំលោក ស៊ី ជិនពីង ជួយឲ្យលោកជាប់ឆ្នោតមួយអាណត្តិទៀត ដែលប្រការនេះត្រូវបានចាត់ទុកថា ជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីអាមេរិក។ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ក៏បានច្រានចោលសៀវភៅនោះផងដែរ នឹងចាត់ទុកថាជា «សៀវភៅដែលពោពេញដោយរឿងប្រឌិត»៕