(ញូយ៉ក)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅញូយ៉ក) បានប្រកាសថា ថ្នាំវ៉ាក់សាំងប្រឆាំងនឹង COVID-19 រាប់រយលានដូស អាចនឹងត្រូវបានផលិតរួចរាល់នៅមុនដំណាច់ឆ្នាំនេះ ខណៈជនដែលងាយរងគ្រោះជាងគេ គឺជាគោលដៅត្រូវបានកំណត់ថា ជាអ្នកប្រើប្រាស់ថ្នាំនេះមុនគេ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានឲ្យដឹងទៀតថា ខ្លួនអាចធ្វើការសន្និដ្ឋានបែបនេះ ក៏ដោយសារតែមានក្រុមហ៊ុនថ្នាំជាច្រើន កំពុងតែប្រញាប់ប្រញាល់ក្នុងការផលិតថ្នាំវ៉ាក់សាំងប្រភេទនេះ ហើយក៏សង្ឈឹមថា នៅមុនដំណាច់ឆ្នាំ២០២១ខាងមុខ អង្គការរបស់ខ្លួននឹងទទួលបានថ្នាំវ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ២ពាន់លានដូសដែរ។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី ស៊ូមីយ៉ា ស្វាមីនណាថាន់ (Soumya Swaminathan) បាននិយាយថា ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការតេស្តវ៉ាក់ប្រឆាំង COVID-19 ចំនួនច្រើនជាង ២០០ប្រភេទ ទៅលើអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក ដោយក្នុងនោះមាន ១០ប្រភេទត្រូវបានតេស្តលើមនុស្ស។ លោកស្រី ស៊ូមីយ៉ា បានគូសបញ្ជាក់ថា «ប្រសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំ២០២០នេះ»។

ជាមួយគ្នានោះ ប្រមុខក្រុមអ្នកវិទ្យាសាស្ត្ររបស់ WHO រូបនេះបានគូសបញ្ជាក់ថា ក្រុមអ្នកដែលជាគោលដៅថា នឹងទទួលបានថ្នាំនេះមុនគេ គឺមានបីក្រុម ដែលសុទ្ធតែជាប្រភេទក្រុមមនុស្សងាយរងគ្រោះជាងគេបំផុត នៅចំពោះជំងឺរាតត្បាតសកល COVID-19។ ក្រុមទី ១ ជាអ្នកធ្វើការជួរមុខ ដូចជាបុគ្គលិកសុខាភិបាល និងមន្ត្រីនគបាល។ ចំណែកឯក្រុមទី ២ ជាប្រភេទក្រុមមនុស្សងាយឆ្លងដូចជា មនុស្សចាស់ជរា ឬអ្នកដែលមានជំងឺប្រចាំកាយ ខណៈក្រុមចុងក្រោយ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មានអត្រានៃការឆ្លងខ្ពស់ ដូចជានៅសំណង់អាគារអនាធិបតេយ្យនៅតាមជ្រាយក្រុង ឬនៅតាមផ្ទះថែទាំជាដើម៕