(ញូដេលី)៖ ប្រទេសឥណ្ឌាដែលរ៉ាប់រងការនាំចេញថ្នាំប្រឆាំងគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) រហូតដល់ ៧០% ទៅកាន់ទីផ្សារពិភពលោកនោះ បានប្រកាសដកបំរាមនាំចេញថ្នាំប្រភេទនេះទាំងស្រុងហើយ ក្រោយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ថ្នាំប្រភេទនេះមិនមានសុវត្ថិភាព ក្នុងការប្រើប្រាស់ ដើម្បីទប់ទល់នឹង COVID-19 នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរគ្រប់គ្រងការនាំចេញរបស់ឥណ្ឌាបានប្រកាសថា ថ្នាំប្រឆាំងគ្រុនចាញ់ hydroxychloroquine ចាប់ពីពេលនេះតទៅ គឺអាចធ្វើការនាំចេញដោយសេរីដូចដើមវិញហើយ។ ថ្នាំប្រភេទនេះត្រូវបានប្រទេសមួយចំនួន ប្រើប្រាស់ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 ដោយបានទទួលប្រសិទ្ធភាពទៅតាមកម្រិតនៃជំងឺ ក្នុងនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានប្រើប្រាស់ថ្នាំនេះជាប្រចាំ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លង COVID-19 ផងដែរ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ក្រោយក្រុមជំនាញវេជ្ជសាស្ត្រអាមេរិកព្រមាន។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា ដែលរ៉ាប់រងការនាំចេញថ្នាំ hydroxychloroquine រហូតដល់ទៅ ៧០% ទៅកាន់ទីផ្សារពិភពលោក កាលពីខែមីនា ឆ្នាំ២០២០ បានសម្រេចផ្អាកការនាំចេញថ្នាំប្រភេទនេះសិន ដោយសារប្រទេសមានប្រជាជន ១.៣ពាន់លាននាក់មួយនេះចង់ទុកថ្នាំបម្រុងដើម្បីព្យាបាលប្រជាជនរបស់ខ្លួន ក្នុងករណីជំងឺ COVID-19 ផ្ទុះឡើងកាន់តែខ្លាំង។ ទោះបីជា WHO ទើបតែសម្រេចកាលពីថ្ងៃពុធសប្តាហ៍នេះថា ថ្នាំគ្រុនចាញ់ hydroxychloroquine មិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ ប៉ុន្តែស្ថាប័នស្រាវជ្រាវជីវឱសថជាតិឥណ្ឌា នៅតែអះអាងថា ថ្នាំប្រភេទនេះមានសុវត្ថិភាព ខណៈប្រទេសអាល្លឺម៉ង់ ប្រេស៊ីល និងអាស៊ីខាងត្បូងមួយចំនួន នៅតែបន្តការជាវថ្នាំនេះពីឥណ្ឌាជាប្រចាំ៕