(វ៉ាស៉ីនតោន)៖ តុលាការកំពូលសហរដ្ឋអាមេរិកនាថ្ងៃព្រហស្បតិ៍នេះ បានបដិសេធចំពោះគម្រោងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់លុបចោលកម្មវិធីមួយកាលពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលផ្តល់ការពារដល់ «Dreamer» ជាជនអន្តោប្រវេសន៍ជិត៨០០,០០០នាក់ ដែលត្រូវបានឪពុកម្តាយពួកគេ នាំឆ្លងដែនចូលមកកាន់ទឹកដីអាមេរិកដោយខុសច្បាប់កាល ពីតួច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Los Angeles Times នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

តុលាការកំពូលអាមេរិកបានហៅ ការប៉ុនប៉ងលុបចោលកម្មវិធី DACA ដែលមានឈ្មោះពេញ Deferred Action for Childhood Arrivals ថា ជា ការសម្រេចចិត្តដែលធ្វើឡើងតាមតែទំនើងចិត្ត ហើយមិនសមហេតុសមផលអ្វីបន្តិចនោះទេ។ កម្មវិធី DACA អនុញ្ញាតឲ្យពួកជនអន្តោ ប្រវេសន៍ទាំងនេះ អាចចុះឈ្មោះជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឲ្យបំពេញការងារដោយស្របច្បាប់ បើទោះបីជា ពួកគេកាលពីក្មេង បានចូលមកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ដោយសារតែឪពុកម្តាយក៏ដោយ។

គួរជម្រាបថា កម្មវិធីខាងលើនេះ គឺត្រូវបានបន្សល់ទុកមកពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ដែលបានប្រកាសវា កាលពីឆ្នាំ២០១២។ កាលនោះលោកបាននិយាយថា រដ្ឋាភិបាលលោកនឹងមិនចាប់ខ្លួនឬបណ្តេញ ជនអន្តោប្រវេសន៍ទាំងនេះ ដែលកំពុង ធ្វើការនៅក្នុងប្រទេសលោកឡើយ ខណៈដែលអ្នកទាំងនេះក៏ចូលរួមចំណែកក្នុងសហគមន៍របស់ពួកគេដែរ ហើយគោរពច្បាប់ត្រឹមត្រូវ ដូចគេឯងដែរនោះ៕