(ស៊ីដនី)៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ខាងមុខនេះតទៅ អ្នកដំណើរបរទេសដែលមកដល់រដ្ឋឃ្វីនស៍ឡែន (Queensland) ប្រទេសអូស្ត្រាលីនឹងតម្រូវឲ្យបង់ប្រាក់ សម្រាប់ការធ្វើចត្តាឡីស័កនៅសសណ្ឋាគាររយៈពេល ១៤ថ្ងៃប្រមាណ ២,៨០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ១,៩០០ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

ឃ្វីនស៍ឡែន ជារដ្ឋដំបូងបង្អស់របស់អូស្ត្រាលី ដែលទាមទារឲ្យអ្នកដំណើរមកពីបរទេស បង់លុយថ្លៃសណ្ឋាគារ តាំងពីការដាក់ចេញវិធាន ដើម្បីទប់ស្កាត់ការចម្លង COVID-19 កាលពីចុងខែមីនា កន្លងទៅ។

បើតាមក្រុមមន្ត្រីអូស្រ្តាលី គោលការណ៍បង់ថ្លៃរួមមាន៖

* ២,៨០០ ដុល្លារអូស្ត្រាលីសំរាប់មនុស្សពេញវ័យ
* ៣,៧១០ ដុល្លារអូស្ត្រាលីសំរាប់អ្នកមានគូ
* ៤,៦២០ ដុល្លារអូស្ត្រាលីសំរាប់ក្រុមគ្រួសារ

គួរបញ្ជាក់ថា អ្នកដំណើរមកពីបរទេស មិនត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនោះទេ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក នៅកន្លែងដែលបានកំណត់ដោយដោយរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19។ ប៉ុន្តែអ្នកដំណើរណាដែលអាចបង្ហាញភស្តុតាងថា បានកត់សំបុត្រយន្តហោះមុនយប់ថ្ងៃទី១៧ ខែមិថុនា និងត្រូវលើកលែងពីវិធានការថ្មីនេះ។

មុនវិធានការថ្មីនេះ ការបង់ថ្លៃការធ្វើចត្តាឡីស័ក គឺជាបន្ទុករបស់អ្នកបង់ពន្ធនៃរដ្ឋឃ្វីនស៍ឡែន ដែលបានចំណាយ ១៩លានដុល្លារអូស្ត្រាលី (ប្រហែលជា ១៣.១១លានដុល្លារអាមេរិក) ហើយរំពឹងថានឹងចំណាយ ២៤លានដុល្លារអូស្ត្រាលី (ប្រហែលជា ១៦.៥៦លានដុល្លារអាមេរិក) មុនពេលវិធានការថ្មីចូលជាធរមាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០៕