(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយថា ចិន រុស្ស៊ី និងអ៉ីរ៉ង់ កំពុងធ្វើអាជីវកម្ម និងទាញយកប្រយោជន៍ពីវិបត្តិ COVID-19 ​តាមមធ្យោយបាយផ្សេងៗគ្នា ជាពិសេសគឺទីក្រុងប៉េកាំងតែម្ដង ដែលកំពុងប្រើប្រាស់វិបត្តិមួយនេះ ដើម្បីដាក់ចេញច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោក Dominic Raab ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេស អង់គ្លេសរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖‍ «យើងពិតជាបានដឹងថារុស្ស៊ី កំពុងចូលរួមនៅក្នុងការឃោសនា និងផ្សព្វផ្សាយព័ត៌មានបង្កការយល់ច្រឡំជាលក្ខណៈប្រព័ន្ធ។ ចំណែឯ ចិន និងអ៉ីរ៉ង់​វិញ ក៏កំពុងធ្វើអាជីវកម្ម និងទាញយកប្រយោជន៍ពីវិបត្តិ COVID-19 ​តាមមធ្យោយបាយផ្សេងៗគ្នាផងដែរ។ ប៉ុន្តែ ខ្ញុំគិតថាវានឹងមិនផលប៉ះពាល់ អ្វីដល់នីតិវិធីបោះឆ្នោត នៅក្នុងចក្រភពអង់គ្លេសនោះទេ»

តែទោះជាបែបនេះក្ដី ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ បានបដិសេធជារឿយៗចំពោះការចោទប្រកាន់បែបនេះ ហើយអះអាងថាវាគ្រាន់តែជាការចោទប្រកាន់គ្មានមូលដ្ឋាន ប្រឆាំងនឹងចិន ឬរុស្ស៊ី តែប៉ុណ្ណោះ៕