(បាងកក)៖ ប្រទេសថៃបានរកឃើញករណីឆ្លង COVID-19 ចំនួន ០៦នាក់ថ្មីទៀត ដែលសុទ្ធតែជាករណីនាំចូលពីប្រទេសឥណ្ឌា និងអារ៉ាប៊ីសាអូឌីត នៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ករណីថ្មីៗខាងលើនេះ គឺសុទ្ធសឹងតែជាជនជាតិថៃទាំងអស់ ដែលត្រូវបានអាជ្ញាធរប្រទេសទាំងពីរខាងលើនេះ ធ្វើចត្តាឡីស័ករក COVID-19 រួចមកហើយមុននឹងអនុញ្ញាតឲ្យត្រឡប់មកកាន់ប្រទេសថៃវិញនេះ ប៉ុន្តែត្រូវបានអាជ្ញាធរធ្វើតេស្តជាថ្មី និងរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។

គួរបញ្ជាក់ថា ប្រទេសថៃបានដកបំរាមរឹតត្បិតជាច្រើនរួចមកហើយ ដើម្បីសម្រួលឲ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់ព្រំដែននោះ គឺនៅតែបន្តបិទដដែល ខណៈពិភពលោក នៅតែកំពុងរងគ្រោះដោយ COVID-19 យ៉ាងក្តៅគគុក។ បច្ចុប្បន្នថៃមានករណីឆ្លង COVID-19 សរុប ៣,១៤១ករណី ក្នុងនោះស្លាប់ ៥៨នាក់ និងជាសះស្បើយឡើងវិញ ២,៩៩៧នាក់៕