(ប៉េកាំង)៖ មន្ត្រីការទូតជាន់ខ្ពស់ចិនលោក យ៉ាង ជីឈី (Yang Jiechi) បានចូលរួមកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ កាលថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោក យ៉ាង ក្នុងនាមជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជានាយកនៃការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់ CPC ផងដែរនោះបានគូសបញ្ជាក់ថា លោកបានពិភាក្សាដោះដូរយោបល់ជាមួយលោក ម៉ៃក៍ ប៉ុមប៉េអូ ទៅលើទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាសកល ព្រមទាំងបញ្ហាក្នុងតំបន់ដែលជាក្តីព្រួយបារម្ភជារួមផងដែរ។

គួរបញ្ជាក់ថា ភាគីទាំងសងខាងចិន និងអាមេរិកបានលាតត្រដាង ពីជំហររៀងៗខ្លួនយ៉ាងពេញលេញ ហើយបានចាត់ទុកថា ការសន្ទនាពីរថ្ងៃមកនេះមានលក្ខណៈស្ថាបនា។ ចិន និងអាមេរិកថែមទាំងបានឯកភាពគ្នា ចាត់វិធានការដើម្បីអនុវត្ត ទៅតាមអ្វីដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានសម្រេចរួមគ្នាកន្លងមក និងរក្សាការធ្វើទំនាក់ទំនងរវាងគ្នាជាប់ជានិច្ច។ យ៉ាងណាក៏ដោយ សេចក្តីលម្អិតនៃកិច្ចប្រជុំ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺមិនមាននរណាដឹងនោះឡើយ៕