(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៥៩នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១២,២៥៧ ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ០៨នាក់ ជាប្រភេទករណីនាំចូលពីបរទេស។ ក្នុងរយៈពេលដូចគ្នា នេះ កូរ៉េខាងត្បូងក៏បានរកឃើញករណីស្លាប់ថ្មីចំនួន ម្នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៨០នាក់ ឬស្មើនឹង ២.២៨% នៃចំនួនអ្នក ដែលបានឆ្លងជំងឺ COVID-19 ទាំងអស់។

ដោយឡែក សម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់១០,៨០០នាក់ ឬស្មើនឹង ៨៨.១% នៃចំនួនអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ២៦នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយម្សិលមិញនេះ។

គួរជម្រាបថា កូរ៉េខាងត្បូង បានស្គាល់អត្រាអ្នកឆ្លងប្រចាំថ្ងៃលើសពី ៥០ករណី សម្រាប់រយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកហើយ។ នេះក៏ដោយសារតែមានករណី ឆ្លងផ្ទុះឡើង ជាចង្កោមថ្មី ដែលជាប់ទាក់ទងនឹងការជួបជុំបែបសាសនា និងក្លឹបកម្សាន្តនាពេលរាត្រី នៅតាមតំបន់ជាយក្រុងសេអ៊ូល។ គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ១.១៤លាននាក់៕