(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ស្នើឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជួយរូបលោកឱ្យជាប់ឆ្នោតជាថ្មីម្ដងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈការបង្កើនការទិញផលិតផលកសិកម្មពីកសិករអាមេរិក។ នេះបើតាមសៀវភៅថ្មី មួយ របស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

បើតាមសំណេរមួយដកស្រង់ចេញពីសៀវភៅរបស់លោក John Bolton មានចំណងជើងថា «The Room Where It Happened» ដែលគ្រោងនឹងចេញផ្សាយ នៅថ្ងៃទី២៣ ខែមិថុនានេះ ការស្នើសុំជំនួយខាងលើ កើតមានឡើងនៅក្នុងកិច្ចប្រជុំមួយរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នាឱកាសមេដឹកនាំទាំង២ចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងជំនួបជាមួយលោក ស៊ី លោក ត្រាំ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាកសិករអាមេរិក និងការបង្កើនការទិញផលិតផលកសិកម្មដូចជាសណ្ដែកសៀង ជាដើម នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចនឹងជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោត។ បន្ថែមពីលើនេះ នៅពេលប្រធានាធិបតីចិន យល់ព្រម បើកកិច្ចពិភាក្សាលើការបង្កើនការទិញផលិតផលកសិកម្មអាមេរិកជាអទិភាព លោក ត្រាំ ថែមទាំងបានហៅលោក ស៊ី ថាជាមេដឹកនាំដ៏អស្ចារ្យម្នាក់នៅក្នុង ប្រវត្តិសាស្ត្រចិនទៀតផង។

ប៉ុន្តែ តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានអះអាងថាការស្នើសុំជំនួយពីលោក ស៊ី ជិនពីង បែបនេះគឺមិនធ្លាប់កើតឡើងឡើយ ខណៈ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងព្យាយាមរារាំងមិនឱ្យសៀវភៅនេះត្រូវបានចុះផ្សាយ។

គួរបញ្ជាក់ថា លោក John Bolton ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីខែមេសា ឆ្នាំ២០១៨ ហើយលោកត្រូវបាន លោក ត្រាំ បណ្ដេញពីតំណែងដោយសារការខ្វែងគំនិតលើបញ្ហាជាច្រើន នៅខែកញ្ញា ឆ្នាំ២០១៩៕