(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងរៀបចំផែនការ ក្នុងការជម្រុញល្បឿនអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 តាមរយៈការបង្កើនកិច្ចព្រមព្រៀងជាមួយក្រុមទាំងឡាយ ដែលត្រូវបានគេមើលឃើញថា អាចមានសង្ឃឹមខ្ពស់ក្នុងការផលិតវាបានសម្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងសេចក្តីប្រកាសរបស់ EU ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ប្លុកដ៏មានឥទ្ធិពលមួយនេះបាគូសបញ្ជាក់ថា ដើម្បីជម្រុញឲ្យការផលិតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា កាន់តែមានសន្ទុះលឿនទៅមុខនោះ សហភាពអឺរ៉ុបកំពុងរៀបចំក្នុងការចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងនីមួយៗតែម្តង។ ជាថ្នូរនឹងសិទ្ធិក្នុងការទិញចំនួនវ៉ាក់សាំង ដែលត្រូវបានកំណត់ពីមុនមកហើយនោះ គណៈកម្មការអឺរ៉ុបនឹងផ្តល់ហិរញ្ញប្បទាន ដល់មួយផ្នែកថ្លៃដើម ដែលក្រុមផលិតវ៉ាក់សាំងត្រូវការ។ ថវិកាដែលត្រៀមផ្តល់ទៅឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងជាមុននេះ នឹងត្រូវចាត់ទុកថា ជាការបន្ថយការចំណាយលើវ៉ាក់សាំងពេលផលិតបានសម្រេច ដែលនឹងត្រូវទិញដោយរដ្ឋជាសមាជិករបស់ EU។

គួរបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានប្រទេសណាមួយ អាចផលិតវ៉ាក់សាំង COVID-19 បានសម្រេចនៅឡើយទេ ប៉ុន្តែក្នុងគេឃើញសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបកំពុងតែផុសផុលជាងគេ ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណានេះ តាមរយៈការជម្រុញទឹកចិត្តក្រុមហ៊ុនធំៗក្នុងស្រុករៀងៗខ្លួន ខណៈការធ្វើតេស្តទ្រង់ទ្រាយធំ ជាច្រើនដំណាក់កាលក៏កំពុងប្រព្រឹត្តទៅផងដែរ។ សហរដ្ឋអាមេរិករំពឹងថា វ៉ាក់សាំង COVID-19 របស់ខ្លួននឹងត្រូវបានផលិតបានជោគជ័យ នៅចុងឆ្នាំ២០២០៕