(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃពុធនេះ បានព្រមានថា ទីក្រុងញូដេលី នឹងចាត់វិធានការវាយបកភ្លាមៗ បើសិនជាភាពតានតឹងជាមួយ ចិនកាន់តែអាក្រក់ឡើង ហើយថាកងទ័ពឥណ្ឌា ២០នាក់ ដែលបានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយកងទ័ពចិន នៅឯតំបន់ព្រំដែន ក៏នឹងមិនមែនពលីជីវិតដោយទទេៗ នោះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្ទរកថាមួយផ្សាយផ្ទាល់តាមបញ្ចក់ទូរទស្សន៍ លោក ម៉ូឌី បានលើកឡើងដូច្នេះថា៖ «សម្រាប់យើង, ការឯកភាព និងដែនអធិបតេយ្យជាតិ គឺជារឿងសំខាន់ បំផុត....ឥណ្ឌាចង់បានសន្តិភាព ប៉ុន្តែយើងនឹងចាត់វិធានការវាយបកភ្លាមៗ បើសិនជាភាពតានតឹងជាមួយចិនកាន់តែអាក្រក់ឡើង»។ លោក ម៉ូឌី បានបញ្ចប់សុន្ទរកថា របស់លោកជាមួយការស្មឹងស្មាតរយៈពេល២នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធកងទ័ពឥណ្ឌា២០នាក់។ យ៉ាងណាក៏ដោយ នៅក្រោយឆាកឯណោះវិញ រដ្ឋមន្ត្រីការបរទេស ចិន និងឥណ្ឌា បានយល់ព្រមបន្ធូរបន្ថយភាពតានតឹងនឹងគ្នា កំឡុងកិច្ចពិភាក្សាមួយតាមទូរស័ព្ទ នៅថ្ងៃពុធនេះ។

គួរជម្រាបថា ការផ្ទះអាវុធរវាងកងទ័ពចិន និងឥណ្ឌា បានកើតឡើង កាលពីយប់ថ្ងៃចន្ទម្សិលមិញ នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាង ដែនដីរបស់ឥណ្ឌា។ ភាគីទាំងសងខាង បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ហើយមកទល់នឹងពេលនេះភាគីចិនមិនទាន់បញ្ជាក់ថាតើកងទ័ពរបស់ខ្លួន មានអ្នកស្លាប់ ឬរងរបួសដែរឬក៏យ៉ាងណានោះទេ ខណៈមន្ត្រីឥណ្ឌាម្នាក់អះអាងថាភាគីចិន រងរបួស និងស្លាប់ប្រហែល៤៥នាក់៕