(ម៉ានីល)៖ មហាសេដ្ឋីជំនួញដ៏មានឥទ្ធិពលម្នាក់នៅប្រទេសហ្វីលីពីន គឺលោក Eduardo Cojuangco ទើបបានទទួលមរណភាពនៅអាយុ ៨៥ឆ្នាំ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

លោក Cojuangco គឺជាជាប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនដ៏ធំបំផុតរបស់ហ្វីលីពីន សានមីហ្គែល (San Miguel) ដែលដំណឹងមរណភាពរបស់លោក ទើបតែត្រូវបានប្រកាសឲ្យដឹងជាផ្លូវការ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន San Miguel នាថ្ងៃ​ពុធនេះ។ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ក៏បានផ្ញើសាររំលែកទុកទៅកាន់សមាជិកគ្រួសារត្រកូល Cojuangco ផងដែរ។

លោក Roque បានលើកឡើងថា តាមរយៈក្រុមហ៊ុន សានមីហ្គែល ដ៏ធំនេះ លោក Cojuangco បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុង​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន។ ក្រុមហ៊ុន សានមីហ្គែល មានបណ្តាញប្រតិបត្តិការក្នុងវិស័យ ម្ហូបអាហារ ភេសជ្ជៈ ថាមពល ចម្រាញ់ប្រេង និង ហេដ្ឋារចនាសម្ព័ន្ធ។

លោក Cojuangco គឺជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ហើយនរណាៗក៏ស្គាល់ដែរក្នុងសហគមន៏អ្នកជំនួញនៅក្នុងប្រទេសហ្វីលីពីន។ លោក​បាន​ដឹកនាំ ក្រុមហ៊ុន សានមីហ្គែល ដែលជាក្រុមហ៊ុនផលិតម្ហូបអាហារនិងភេសជ្ជៈធំជាងគេនៅហ្វីលីពីន ចាប់តាំងពីឆ្នាំ១៩៩៨មក។ ក្រៅ​ពីការដឹកនាំ ក្រុមហ៊ុន សានមីហ្គែល លោកក៏បានធ្វើជាប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងក្រុមហ៊ុនដែលចុះបញ្ជីជាសាធារណៈមួយចំនួន​ថែមទៀតផង។

គួរជម្រាបថា លោក Cojuangco ក៏ធ្លាប់ប្រលូកក្នុងនយោបាយដែរ។ គាត់បានកាន់តំណែងជាអភិបាល ខេត្តតាឡាក់ (Tarlac) កាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ១៩៩២ ប៉ុន្តែទទួលបរាជ័យ៕