(សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក គីម យុនជុល (Kim Yeon-chul) នៅថ្ងៃពុធនេះបានអះអាងថា លោកបានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ដើម្បីជាការទទួលខុសត្រូវ ចំពោះភាពបរាជ័យក្នុងការរក្សាស្ថេរភាព នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក Kim Yeon-chul បានបន្ថែមទៀតថា លោកបានដាក់ពាក្យលាលែងពីតំណែង ទៅកាន់វិមានប្រធានាធិបតីកូរ៉េខាងត្បូងហើយ នៅព្រឹកថ្ងៃពុធនេះ។ លោក Kim បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយ ចំពោះភាពបរាជ័យក្នុងការបំពេញតាមតម្រូវការ និងការរំពឹងទុកនៃប្រជាជនរបស់យើង ដែលចង់បានសន្តិភាព និងភាពរុងរឿងនៅលើតំបន់ឧទ្វីបកូរ៉េ»

គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញកូរ៉េខាងជើង បានបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង នៅក្នុងតំបន់កែសុង (Kaesong) ហើយនៅថ្ងៃពុធនេះដែរ កូរ៉េខាងជើងបានទាត់ចោលការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតទៅចរចា បន្ធូរបន្ថយភាពតានតឹង និងសម្រេចចិត្តត្រៀមបញ្ជូនកងទ័ពឱ្យទៅឈរជើងនៅតំបន់ ព្រំដែនគ្មានយោធាអន្តរកូរ៉េឡើងវិញផងដែរ៕