(ប្រេស៊ីល)៖ ការឆ្លងរាតត្បាត COVID-19 នៅក្នុងទ្វីបអាមេរិក នៅតែមានសភាពធ្ងន់ធ្ងរដដែល ខណៈអ្នកឆ្លងទូទាំងតំបន់នេះកើនជិតដល់ ៤លាននាក់ ក្នុងនោះជាង ២០៤,០០០នាក់បានស្លាប់។ នេះបើតាមលោកស្រី Carissa Etienne ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

លោកស្រី Carissa Etienne ជានាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាមេរិក ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្នសីទសារព័ត៌មាន តាមប្រព័ន្ធ អនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកស្រីបានបន្ថែមទៀតថា COVID-19 នៅតែបន្តវាយប្រហារខ្លាំងលើតំបន់ជនអន្តោប្រវេសន៍ ដែលតម្រូវឱ្យមានការបង្កើន ការធ្វើតេស្ដនៅតាមតំបន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដោយសារតែមិនទាន់មានការទទួលស្គាល់ជាផ្លូវចំពោះរបាយការណ៍ នៃការកើនឡើងចំនួនអ្នកឆ្លងនៅក្នុង សហរដ្ឋអាមេរិក ដែលធ្វើដំណើរត្រឡប់មកម៉ិចស៊ីកូ វិញ។

គួរបញ្ជាក់ថា បើតាមលោកស្រី Carissa Etienne ប្រេស៊ីល គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅក្នុងទ្វីបអាមេរិក បន្ទាប់សហរដ្ឋអាមេរិក ដោយតំណាង ឱ្យ២៣ភាគរយ នៃចំនួនអ្នកឆ្លងសរុប ៣.៨លាននាក់ និង២៣ភាគរយ នៃចំនួនអ្នកស្លាប់ជាង ២០៤,០០០នាក់ នៅទូទាំងទ្វីបអាមេរិក៕