(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានបដិសេធយ៉ាងដាច់អហង្ការ នូវការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតពិសេសទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីសម្របសម្រួល និងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើងជាថ្មីនាពេលបច្ចុប្បន្ន។ នេះបើតាមប្រភពពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ និងចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

KCNA បានធ្វើការរាយការណ៍យ៉ាងដូច្នេះថា «អាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញពីការស្នើសុំឲ្យយើងទទួលយកប្រេសិតពិសេសរបស់ពួកគេ កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ ប៉ុន្តែសំណើដែលគ្មានយុទ្ធសាស្ត្រ និងមិនស្មោះត្រង់បែបនេះ ត្រូវបានបដិសេធដោយលោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សពលករ នៅកូរ៉េខាងជើង»

របាយការណ៍បានសង្កត់ធ្ងន់ថា «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាកប្បកិរិយាមិនចេះគោរពរបស់កូរ៉េខាងត្បូង ដែលចង់បញ្ជូនបេសកជនពិសេស បើទោះបីជាពួកគេបានដឹងយ៉ាងច្បាស់ថា កូរ៉េខាងជើងបានដាក់ចេញវិធានការប្រឆាំងនឹងជំងឺរាតត្បាតសកលយ៉ាងតឹងរឹងពុំធ្លាប់មាន ដែលគ្មាននរណាម្នាក់ចេញចូលប្រទេសបានឡើយ»

របាយការណ៍ដដែលបានបន្ថែមថា «វាមិនអាចទៅរួចទេដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន ដែលត្រូវបានបង្កឡើងដោយការអសមត្ថភាព និងការមិនទទួលខុសត្រូវរបស់អាជ្ញាធរកូរ៉េខាងត្បូង ដ៏រាបណាវិបត្តិមួយនេះមិនទាន់ត្រូវបានបង់តម្លៃឲ្យសមរម្យ ដោយកូរ៉េខាងត្បូងភាគខាងត្បូងទេនោះ»

គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញនេះ កូរ៉េខាងជើងបានបំផ្ទុះអគារការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលស្ថិតតាមព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ ដើម្បីជាសញ្ញាបង្ហាញថា ខ្លួនមិនពេញចិត្តកាន់តែខ្លាំងចំពោះកូរ៉េខាងត្បូង ដែលនៅតែបណ្តែតបណ្តោយឲ្យមានសកម្មភាព បង្ហោះខិត្តប័ណ្ណប្រឆាំងមេដឹកនាំរបស់ខ្លួនបន្តកើតមាន។ មិនតែប៉ុណ្ណោះថែមទាំងបាន គំរាមថានឹងប្រើយោធា ដើម្បីដោះស្រាយបញ្ហានេះទៀតផង។ ជាក់ស្តែងនៅព្រឹកនេះតែម្តង ប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះបានប្រកាសថា កងទ័ពនឹងត្រូវបញ្ជូនទៅធ្វើការដាក់ពង្រាយឡើងវិញ នៅតំបន់សេដ្ឋកិច្ចកែសុង (Kaesong) និងភ្នំគុមហ្គាង (Kumgang) ដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង នៅក្នុងពេញឆាប់ៗខាងមុខ៕