(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលក្រុងប៉េកាំងនៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ រដ្ឋធានីប៉េកាំងបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣១ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈជើងហោះហើរសរុប ១,២៥៥ជើង​ត្រូវបានសម្រេចឲ្យផ្អាក នៅតាមព្រលានយន្តហោះក្នុងរដ្ឋធានីចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ ត្រូវបានគេរកឃើញនៅក្នុងសង្កាត់ចំនួន ០៥ នៃរដ្ឋធានីប៉េកាំង ដោយក្នុងនោះ ១៩ករណីត្រូវបានគេរាយការណ៍ ចេញពីភាគនិរតីនៃសង្កាត់ហ្វឹងថៃ (Fengtai) ដែលជាកន្លែងដែលមានការផ្ទុះករណីឆ្លងជាចង្កោមថ្មីនៃជំងឺ COVID-19 កាលពីសប្តាហ៍មុន។

គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកសរុបចំនួន ៥៥៧នាក់ ដោយក្នុងនោះអ្នកជំងឺ ៤១១នាក់ជាសះស្បើយឡើងវិញ និង ០៩នាក់ស្លាប់។ ប្រការនេះវាធ្វើឲ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយមានចំនួន ១៣៧នាក់។ ចំណែកឯករណីប្រភេទនាំចូលពីបរទេសវិញ រហូតមកទល់ពេលនេះប៉េកាំងបានកត់ត្រាចំនួន ១៧៤នាក់ព្យាបាលជាសះស្បើយទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងដំណាក់កាលព្យាបាលនៅឡើយ ខណៈករណីស្លាប់វិញ គឺមិនមានឡើយសូម្បីតែម្នាក់។

គួរបញ្ជាក់ថា បើគិតអំពីករណីឆ្លងនៅក្នុងប្រទេសចិនទាំងមូលវិញ គឺថ្ងៃអង្គារម្សិលមិញនេះ អាជ្ញាធរបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤៤នាក់ ក្នុងនោះ ៣៣នាក់ឆ្លងក្នុងស្រុក (៣១នៅប៉េកាំង) និង ១១នាក់ជាប្រទេសករណីនាំចូល។ សរុបមកបច្ចុប្បន្នចិនមានករណីឆ្លង COVID-19 សរុប ៨៣,២៦៥ករណីក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៣៧៩នាក់៕