(ព្យុងយ៉ាង)៖ ខណៈកម្តៅការទូតរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងផ្ទុះឡើងខ្លាំងជាថ្មី ដោយសារតែការបង្ហោះខិត្តប័ណ្ណប្រឆាំង​របបដឹកនាំទីក្រុងព្យុងយ៉ាងឥតឈប់ឈរ ដោយក្រុមជនជាតិកូរ៉េខាងជើងរត់ទៅរស់នៅកូរ៉េខាងត្បូងនោះ ប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះបានប្រកាសថា កងទ័ពនឹងត្រូវបញ្ជូនទៅធ្វើការដាក់ពង្រាយឡើងវិញ នៅតំបន់សេដ្ឋកិច្ចកែសុង (Kaesong) និងភ្នំគុមហ្គាង (Kumgang) ដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង នៅក្នុងពេញឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យយោធាកូរ៉េខាងជើង បានថ្លែងប្រាប់សារព័ត៌មានរដ្ឋរបស់ខ្លួន KCNA ដោយមិនបានបញ្ជាក់ឈ្មោះថា កងទ័ពកូរ៉េខាងជើងកំពុងតែបង្ហាញនូវជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ក្នុងការចេញសកម្មភាពយោធា​ឲ្យបានទាន់ពេលតបទៅតាមដំណោះស្រាយ​ដែលនឹងត្រូវបញ្ចេញដោយបក្ស និងរដ្ឋាភិបាល។ ការថ្លែងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ គឺបន្ទាប់ពីកូរ៉េខាងជើង​បានបំផ្ទុះអគារកញ្ចក់កម្ពស់ ៤ជាន់ ដែលជាកន្លែងទទួលមន្ត្រីកូរ៉េខាងត្បូង​ចូលរួមកិច្ចប្រជុំ​ចាប់តាំងពីឆ្នាំ២០១៨ នោះចោលតែម្តង។

គួរបញ្ជាក់ថា ស្ថិតនៅក្រោមផែនការសកម្មភាពយោធានេះ គណៈកម្មការមជ្ឈិមយោធា​នៃគណបក្សពលករកូរ៉េ​នឹងចេញសេចក្តីសម្រេចនៅក្នុងពេលឆាប់ៗ ដើម្បីឲ្យយោធា និងអាវុធដែលអាចទៅរួច ធ្វើការដាក់ពង្រាយនៅតំបន់ភ្នំទេសចរណ៍ Kumgang និងតំបន់សេដ្ឋកិច្ច Kaesong ដែលទាំងពីរទីតាំងនេះស្ថិតនៅលើទឹកដីព្រំដែនកូរ៉េខាងជើង ជាប់នឹងកូរ៉េខាងត្បូង។ បន្ថែមពីការដាក់ពង្រាយយោធាខាងលើនេះ ប៉ុស្តិ៍ប៉ូលិសស៊ីវិល​ដែលត្រូវបានដកចេញក្រោយ​កិច្ចព្រមព្រៀងកូរ៉េទាំងពីរកាលពីឆ្នាំ២០១៨ នោះក៏នឹងត្រូវដាក់ឡើងវិញផងដែរ ដើម្បីការពារព្រំដែនកូរ៉េខាងជើង នៅតំបន់ជួរមុខ៕