(ឈីកាហ្គោ)៖ អគ្គរដ្ឋអាជ្ញាអាមេរិកប្រចាំនៅរដ្ឋ អ៉ីលីណយស៍ (Illinois) លោក ក្វាម រ៉ាអ៊ូល (Kwame Raoul) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា លោកបានទទួលការធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

លោក Raoul បានលើកឡើងថា លោកបានកើតមានមានអារម្មណ៍ មិនស្រួលក្នុងខ្លួនកាលពីចុងសប្តាហ៍មុន ទើបលោកបានទទួលការធ្វើតេស្តនៅថ្ងៃចន្ទ ហើយក៏ចេញលទ្ធផលវិជ្ជមានតែម្តង។ បច្ចុប្បន្នអគ្គរដ្ឋអាជ្ញារូបនេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលព្យាបាល ដោយលោកមានចេញអការៈជំងឺ COVID-19 ក្នុងកម្រិតដំបូងៗរួចទៅហើយ។ បច្ចុប្បន្នអ្នកដែលធ្លាប់បានធ្វើទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក Raoul ទាំងអស់នារយៈពេល ១៤ថ្ងៃចុងក្រោយ ត្រូវបានណែនាំឲ្យទៅធ្វើតេស្តជាបន្ទាន់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋអ៉ីលីណយស៍មានករណីឆ្លងជំងឺ COVID-19 សរុប ១៣៣,៦៣៩ករណី ក្នុងនោះស្លាប់សរុប ៦,៣៩៨នាក់។ បើគិតជារួមនៅទូទាំងសហរដ្ឋអាមេរិកវិញ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២,២០៨,៤០០ករណី ក្នុងនោះស្លាប់ ១១៩,១៣២នាក់ និងជាសះស្បើយឡើងវិញ ៩០៣,០៤១នាក់គិតត្រឹមពេលដូចគ្នា៕