(ឡុងដ៍)៖ ក្រុមជំនាញអង់គ្លេសបានប្រកាសនាដើមសប្តាហ៍នេះថា ថ្នាំដ៏ថោក និងទទួលបានការអនុញ្ញាតដ៏ទូលំទូលាយមួយប្រភេទ អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 បាននៅក្នុងដំណាក់កាលចុងក្រោយ គឺនៅពេលអ្នកជំងឺកំពុងស្ថិតក្នុង ការបំពាក់ប្រព័ន្ធជំនួយការដកដង្ហើមទៅហើយនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

ថ្នាំដែលត្រូវបានពិសោធន៍ឃើញប្រសិទ្ធភាពខ្ពស់នេះមានឈ្មោះថា ឌិចហ្សាម៉េថាសុន (dexamethasone) ជាប្រភេទថ្នាំដែលអាចព្យាបាលជំងឺច្រើនមុខ ក្នុងនោះដូចជាការឈឺសន្លាក់, ជំងឺស្បែកមួយចំនួន, ជំងឺសួតរុំារ៉ៃ, ឈឺភ្នែក, រមួលក្រពើ និងរកសញ្ញានៃជំងឺរបេងមួយចំនួនថែមទៀត។ ក្រុមអ្នកជំនាញនៃចក្រភពអង់គ្លេសបានចាត់ទុកថា ការពិសោធន៍ថ្នាំ dexamethasone គឺជាជោគជ័យធំមួយសម្រាប់អង់គ្លេស ក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសដែលឈរនៅលំដាប់លេខ ៣ លើលោក ដែលមានអ្នកស្លាប់ច្រើនបំផុត ដោយសារតែវីរុសកូរ៉ូណាថ្មីនេះ។

សាស្ត្រាចារ្យ គ្រីស វីតធី (Chris Whitty) ប្រធានការិយាល័យវេជ្ជសាស្ត្រ នៃចក្រភពអង់គ្លេសបានលើកឡើងថា ថ្នាំ dexamethasone ពិតជាអាចសង្គ្រោះជីវិតជាច្រើន នៅទូទាំងសកលលោក។ បើតាមក្រុមជំនាញ ការប្រើប្រាស់ថ្នាំប្រភេទនេះអាចកាត់បន្ថយអត្រាស្លាប់ រហូតដល់ទី ១ភាគ៣ សម្រាប់អ្នកដែលកំពុងបំពាក់ប្រព័ន្ធជំនួយការដកដង្ហើម ហើយសម្រាប់អ្នកដែលបំពាក់អុកស៊ីសែនវិញ គឺអាចជួយបាន ១ភាគ៥។ គិតចាប់តាំងពីប្រើប្រាស់ថ្នាំប្រភេទនេះមក អ្នកជំងឺ COVID-19 សរុបជាង ៥,០០០នាក់នៅអង់គ្លេសបានរួចផុតពីក្តីស្លាប់។ បច្ចុប្បន្ន dexamethasone ក៏កំពុងស្ថិតក្នុងការធ្វើតេស្ត ទ្រង់ទ្រាយធំផងដែរថា វាអាចមានសមត្ថភាពទប់ទល់វីរុសកូរ៉ូណាដែរឬទេ៕