(ឥណ្ឌា)៖ មន្រ្តីយោធាឥណ្ឌាបានថ្លែងអះអាងថា កម្លាំងយោធាឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ការប៉ះទង្គិចនេះបានធ្វើការឲ្យស្ថានការណ៍ ចិន និងឥណ្ឌា មានការឡើងកម្តៅដាក់គ្នា ខណៈយោធាចិន បានស្នើឱ្យភាគីឥណ្ឌាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភបំពាន និងបង្ករឿងប្រឆាំងនឹងចិន ហើយត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយ ការខ្វែងគំនិតគ្នារវាងប្រទេសទាំង២។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីយប់ថ្ងៃចន្ទម្សិលមិញ នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌា។

គួរជម្រាបថា ភាពតានតឹងបានបន្តកើនឡើងនៅតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោកដ៏វែងបំផុតមួយនៅលើលោក ចាប់តាំងពីខែមុនមក ដោយទីក្រុងញូដេលី និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបំពានខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ។ តំបន់ខ្សែបន្ទាត់ព្រំដែន គឺមានបញ្ហាជម្លោះយ៉ាងអូសបន្លាយជាយូរណាស់មកហើយ ហើយបានបង្កឲ្យមានការប៉ះទង្គិចគ្នាតិចតួចដោយអាវុធ និងជម្លោះការទូតជាបន្តបន្ទាប់រហូតមក ចាប់តាំងតែពីប្រទេសជិតខាងទាំងពីរ បានប្រយុទ្ធបង្ហូរឈាមគ្នាកាលពីឆ្នាំ១៩៦២៕