(សិង្ហបុរី)៖ វិធានការបិទប្រទេសដើម្បីទប់ស្កាត់ COVID-19 និងអាកាសធាតុក្តៅជាងធម្មតា បានធ្វើឲ្យការប្រើប្រាស់អគ្គិសនី នៅតាមលំនៅឋានប្រជាជនសិង្ហបុរីភាគច្រើនមានការកើតឡើងខ្ពស់ កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរផ្នែកថាមពល EMA និងក្រុមហ៊ុនអគ្គិសនី SP Group របស់ប្រទេសសិង្ហបុរី នាថ្ងៃអង្គារបានឲ្យដឹងថា កំណើនជាមធ្យម ២២ភាគរយ នៃការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃ​នៅតាមលំនៅឋានរបស់ប្រជាជនសិង្ហបុរីភាគច្រើន គឺត្រូវបានកត់សម្គាល់ឃើញកាលពីខែឧសភា ធៀបជាមួយនឹងខែកុម្ភៈ ឆ្នាំ២០២០នេះ។

គួរជម្រាបថា កំណើនគួរឲ្យកត់សម្គាល់នៃការប្រើប្រាស់អគ្គិសនី គឺកើតមានស្របពេដែលប្រជាជនសិង្ហបុរី ត្រូវបានជំរុញឲ្យស្ថិតនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការធ្វើប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គម ព្រោះតែការរាតត្បាតនៃជំងឺ COVID-19។ កំឡុងខែឧសភាកន្លងទៅ អាកាសធាតុនៅសិង្ហបុរីក៏ហាក់មានសភាពក្តៅជាងរាល់ដងផងដែរ ដែលចូលរួមចំណែកធ្វើឲ្យមនុស្សស្នាក់នៅក្នុងផ្ទះ និងប្រើប្រាស់អគ្គិសនីកាន់តែច្រើន៕