(ប៉េកាំង)៖ ក្តីព្រួយបារម្ភកាន់តែខ្លាំងពីការផ្ទុះរលកទី ២ នៃការឆ្លងរាតត្បាតជំងឺ COVID-19 បានបង្ខំឱ្យចិនបញ្ឈប់ការនាំចូលត្រី សាល់ម៉ុន (salmon) ពីប្រទេសន័រវែសជាបណ្ដោះអាសន្ន បន្ទាប់ពីមានការសង្ស័យជាច្រើនលើកឡើងថា ករណីឆ្លងថ្មីជាចង្កោមនៅក្នុងផ្សារដ៏ធំឈ្មោះ ស៊ីនហ្វាទី (Xinfadi) ក្នុងទីក្រុងប៉េកាំង អាចមានជាប់ពាក់ព័ន្ធនឹងត្រីប្រភេទនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

អស់រយៈពេល ០៤ថ្ងៃមកនេះ ករណីឆ្លង COVID-19 ច្រើនជាង ១០០ករណី ត្រូវបានរាយការណ៍នៅក្នុងទីក្រុងប៉េកាំង ហើយដែលករណីឆ្លងទាំងនេះភាគច្រើនមានជាប់ពាក់ព័ន្ធផ្សារ Xinfadi ជាផ្សារធំជាងគេបំផុតនៅអាស៊ី។ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីៗទាំងនេះ ចិនបានបង្កើនការត្រួតពិនិត្យ និងបញ្ឈប់ការនាំចូលត្រី salmon ពីបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមទាំងន័រវេសដែលតែងនាំចេញត្រី salmon មកកាន់ទីផ្សារចិន។ ត្រី salmon របស់ន័រវេស គឺជាផលិតផលពេញនិយមនៅក្នុងប្រទេសចិន។ កាលពីឆ្នាំ២០១៩ ន័រវេសបាននាំចេញត្រី salmon ២៣,៥០០តោនទៅកាន់ទីផ្សារក្នុងប្រទេសចិន ក្នុងទំហំទឹកប្រាក់ ១៧០លានដុល្លារ។

គួរជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃចន្ទសប្ដាហ៍នេះ នាយកកម្មវិធីសង្រ្គោះបន្ទាន់ WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) ក៏បានសង្កត់ធ្ងន់ដែរថា ការអះអាងអំពីការឆ្លង COVID-19 ជាចង្កោមក្នុងទីក្រុងប៉េកាំង បង្កឡើងដោយក្រុមអ្នកផ្គត់ផ្គង់ ឬកញ្ចប់ត្រីសាល់ម៉ុន (salmon) នាំចូលពីបណ្ដាប្រទេសអឺរ៉ុប មិនទាន់ក្លាយជាការអះអាងបឋមនោះទេ។ លោក Mike Ryan បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាយើងចាំបាច់ត្រូវស្វែងយល់ និងសង្កតមើលទៅលើអ្វីដែលបានកើត ឡើងនៅក្នុងករណីនេះ ហើយខ្ញុំមិនជឿឡើយថា វាគឺជាសម្មតិកម្មបឋម។ ប៉ុន្តែវាចាំបាច់ត្រូវបង្កើនការស្វែងរកការពិត និងការធ្វើតេស្ដ»

គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ទីក្រុងប៉េកាំងបានរាយការណ៍ ពីករណីឆ្លងក្នុងស្រុកសរុបចំនួន ៥២៦នាក់ ដោយក្នុងនោះអ្នកជំងឺ ៤១១នាក់ជាសះស្បើយឡើងវិញ និង ០៩នាក់ស្លាប់។ ប្រការនេះវាធ្វើឲ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយមានចំនួន ១០៦នាក់។ ដោយឡែក បើគិតអំពីករណីឆ្លងនៅក្នុងប្រទេសចិន ទាំងមូលវិញ គឺថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤០នាក់ក្នុងនោះ ៣២នាក់ឆ្លងក្នុងស្រុក (២៧នាក់នៅប៉េកាំង) និង០៨នាក់ជាប្រទេស ករណីនាំចូល។ សរុបមកបច្ចុប្បន្នចិនមានករណីឆ្លង COVID-19 សរុប ៨៣,២២១ករណីក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៣៧៧នាក់៕