(ឥណ្ឌា)៖ ខាងយោធាឥណ្ឌានាថ្ងៃអង្គារនេះបានឲ្យដឹងថា កងទ័ពឥណ្ឌាចំនួន ០៣នាក់បានបាត់បង់ជីវិត ក្នុងការប្រឈមមុខដាក់គ្នាមួយប្រាវជាមួយកងទ័ពចិន នៅបណ្តោយព្រំដែននៃប្រទេសទាំងពីរ ម្តុំជួរភ្នំហិម៉ាល័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីយប់ថ្ងៃចន្ទម្សិលមិញ នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌា។ ប៉ុន្តែកន្លងទៅក្នុងខែនេះ មន្រ្តីយោធាជាន់ខ្ពស់នៃភាគីទាំងពីរ ទើបតែបានចាប់ផ្តើមជួបពិភាក្សាគ្នា ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង។

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពឥណ្ឌា គឺពុំមានការបញ្ជាក់ថា មានអ្នករងគ្រោះនៅខាងចិនដែរ ឬក៏អត់ឡើយប៉ុន្តែបានប្រាប់ថា មន្រ្តីយោធាជាន់ខ្ពស់ប្រទេសទាំងពីរ កំពុងបន្តជជែកគ្នា និងបន្ថយកម្តៅស្ថានការណ៍។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បាននិយាយថា កងទ័ពឥណ្ឌាបានរំលោភការឯកភាពគ្នារវាងភាគីទាំងពីរ ហើយឆ្លងព្រំដែនចូលចិនដល់ទៅពីរលើក និងបានបង្កហេតុព្រមទាំងវាយប្រហារមកលើកងទ័ពចិនមុន ទើបធ្វើឲ្យមានការប៉ះទង្គិចគ្នាតែម្តង។

គួរជម្រាបថា ភាពតានតឹងបានបន្តកើនឡើងនៅតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោកដ៏វែងបំផុតមួយនៅលើលោក ចាប់តាំងពីខែមុនមក ដោយទីក្រុងញូដេលី និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបំពានខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ។ តំបន់ខ្សែបន្ទាត់ព្រំដែន គឺមានបញ្ហាជម្លោះយ៉ាងអូសបន្លាយជាយូរណាស់មកហើយ ហើយបានបង្កឲ្យមាន ការប៉ះទង្គិចគ្នាតិចតួចដោយអាវុធ និងជម្លោះការទូតជាបន្តបន្ទាប់រហូតមក ចាប់តាំងតែពីប្រទេសជិតខាងទាំងពីរ បានប្រយុទ្ធបង្ហូរឈាមគ្នាកាលពីឆ្នាំ១៩៦២៕