(ប៉េកាំង)៖ បេសកកម្មបាញ់បង្ហោះផ្កាយរណបចុងក្រោយ សម្រាប់ការដាក់ពង្រាយបណ្តាញផ្កាយរណប នៃប្រព័ន្ធផ្កាយរណបសម្រាប់សម្រួលវិស័យនាវាចរ ប៉ីតូវ (BeiDou) ឬហៅកាត់ថា BDS ត្រូវបានពន្យារពេលហើយ ដោយសារតែបញ្ហាមួយចំនួន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

យោងតាមការិយាល័យគ្រប់គ្រងការចល័តផ្កាយរណបចិនបានឲ្យដឹងថា គ្រាប់រ៉ុក្កែតចិន Long March-3B ដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់បាញ់ផ្កាយរណប BDS-3 ត្រូវបានក្រុមជំនាញពិនិត្យឃើញថា មានបញ្ហាបច្ចេកទេសអំឡុងពេលធ្វើតេស្តសាកល្បង​មុការបាញ់បង្ហោះ។ តាមការគ្រោងទុក ការបាញ់បង្ហោះខាងលើត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះតែម្តង ប៉ុន្តែវាត្រូវបានពន្យាពេល ខណៈកាលបរិច្ឆេទថ្មីនឹងត្រូវកំណត់នៅពេលក្រោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ប្រទេសចិនបានទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា HY-1D។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះឡើង ដោយប្រើប្រាស់រ៉ុក្កែត Long March-2C ហើយវានឹងត្រូវចូលរួមនៅក្នុងបេសកកម្ម បង្កើតបណ្តាញផ្កាយរណបចិន សម្រាប់សម្រួលដល់ការធ្វើនាវាចរនៅតាមដែនសមុទ្រ។ HY-1D នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការរួម ជាមួយផ្កាយរណបមួយទៀតឈ្មោះ HY-1C ដែលត្រូវបានបាញ់បង្ហោះ កាលពីខែកញ្ញា ឆ្នាំ២០១៨៕