(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានចុះហត្ថលេខាលើការកែប្រែបទបញ្ជាមួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ក្នុងការអភិវឌ្ឍប្រព័ន្ធ 5G។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

សារព័ត៌មាន Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើទីភ្នាក់ងារព័ត៌មាន Reuters ដែលបានឱ្យដឹងថា ការប្រែបទបញ្ជាខាងលើនឹងត្រូវចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក (Federal Register) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក
វាលប៊ឺ រ៉ូស (Wilbur Ross) ក៏បានទទួលស្គាល់ពីការកែប្រែខាងលើផងដែរ ប៉ុន្តែលោកបានអះអាងថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលតួនាទី ជាប្រទេសឈានមុខគេ ខាងគំនិតច្នៃប្រឌិតសកលនោះទេ។

លោក Wilbur Ross បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលតួនាទី ជាប្រទេសឈានមុខគេខាងគំនិតច្នៃប្រឌិតសកលនោះទេ ហើយក្រសួងពាណិជ្ជកម្មអាមេរិក បានប្ដេជ្ញាចិត្តក្នុងការការពារសន្តិសុខជាតិអាមេរិក និងផលប្រយោជន៍គោលនយោបាយបរទេស តាមរយៈការលើកទឹកចិត្តឱ្យឧស្សាហកម្មអាមេរិកចូលរួមយ៉ាងពេញលេញ ដើម្បីលើកកម្ពស់បច្ចេកវិទ្យាអាមេរិក ឱ្យក្លាយជាស្ដង់ដារពិភពលោក»

គួរជម្រាបថា សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងយោធា និងទីភ្នាក់ងារស៊ើបការណ៍សំងាត់ ចិនដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិអាមេរិក។ ប៉ុន្តែទាំងទីក្រុងប៉េកាំង និង Huawei បានទាត់ចោលការចោទប្រកាន់ទាំងនេះ។ យ៉ាងណាក៏ដោយសេចក្តីលម្អិត អំពីវិសាលភាពនៃការអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក មានទំនាក់ទំនងផ្នែកអភិវឌ្ឍន៍ 5G ជាមួយ Huawei គឺមានតែរង់ចាំមើលសេចក្តីប្រកាស ពីរដ្ឋាភិបាលសហព័ន្ធអាមេរិកសិន៕