(សេអ៊ូល)៖ កងទ័ពកូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច​ដើម្បីធ្វើសកម្មភាពភា្លមៗ បើសិនជាកូរ៉េខាងត្បូងនៅតែបណ្ដែតបណ្ដោយ​ឱ្យជនជាតិកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តធ្វើយុទ្ធនាការបង្ហោះខិត្តប័ណ្ណ​ឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង ធ្វើការព្រមានបែបនេះតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង បានអះអាងថា អ្នកនាងបានបញ្ជាឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនចាត់វិធានការបន្ទាន់​ប្រឆាំងនឹងក្រុមអ្នករិះគន់បងប្រុសរបស់លោកស្រី។ នៅក្នុងសារព្រមានលើកចុងក្រោយបំផុត នៅថ្ងៃអង្គារនេះ អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពកូរ៉េខាងជើង កំពុងសិក្សាពីផែនការសកម្មភាព សម្រុកចូលក្នុងតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ហើយប្រែក្លាយវាឱ្យទៅជាបន្ទាយមួយដ៏រឹងមាំ។ កងទ័ពរបស់យើងនឹងធ្វើសកម្មភាពភ្លាមៗ បើសិនជាមានបញ្ជា ឬការសម្រេចចិត្តណាមួយគណបក្សពលករ និងរដ្ឋាភិបាល»

គួរជម្រាបថា ភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីកូរ៉េខាងជើង ព្រមានកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ជាការសងសឹកនឹងទីក្រុងសេអ៊ូល សម្រាប់ការបណ្ដែតបណ្ដោយឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តធ្វើយុទ្ធនាការបង្ហោះខិត្តប័ណ្ណឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន។ តែទន្ទឹមគ្នា កូរ៉េខាងត្បូងក៏បានប្ដឹងក្រុមសកម្មជន​ដែលនាំគ្នាបង្ហោះខិត្តប័ណ្ណទាំងនោះដែរ ដោយចោទថាពួកគេដុតញ្ឆេះភាពតានតឹងរវាងកូរ៉េទាំងពីរ៕