(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អំពីការកាត់បន្ថយកងទ័ពអាមេរិកមួយចំនួនធំ នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយសារតែអាល្លឺម៉ង់មិនបានចេញថ្លៃចំណាយ ទៅតាមអ្វីដែលខ្លួនគួរចំណាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយពី ៣៥,០០០នាក់ មកនៅត្រឹម ២៥,០០០ប៉ុណ្ណោះ។ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដូចអ្នកបានដឹងហើយថា ប្រទេសអាល្លឺម៉ង់ដូចជាមិនពេញចិត្តសោះក្នុងការបង់ប្រាក់ទៅអង្គការ NATO»។ នេះមិនមែនជាលើកទី ១ ឡើយសម្រាប់ប្រធានាធិបតីអាមេរិក នៅក្នុងការលើកឡើងអំពីបញ្ហា នៃការបង់ប្រាក់ចំណាយ ទៅកាន់អង្គការដ៏មានឥទ្ធិពលមួយនេះ។

គួរបញ្ជាក់ថា ការប្រកាសជាផ្លូវការរបស់លោក ត្រាំ បានកើតឡើងជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់មួយរូបនៅសេតវិមាន បានបង្ហើបព័ត៌មានដោយសុំមិនបញ្ចេញអត្តសញ្ញាណថា អាមេរិកនឹងកាត់បន្ថយកងទ័ពទ្រង់ទ្រាយធំ ចេញពីប្រទេសអាល្លឺម៉ង់។ បើតាមប្រភពពីមន្ទីរបញ្ចកោណ ការដកកងទ័ពជាផ្លូវការអាចនឹងកើតឡើងនៅខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។ កាលពីសប្តាហ៍មុននេះ សមាជិកព្រឹទ្ធសភា ២២រូប នៃគណបក្សសាធារណរដ្ឋ ក៏បានព្រមានផងដែរអំពីការសម្រេចចិត្ត របស់លោក ដូណាល់ ត្រាំ ដូចខាងលើ ដែលនឹងអាចផ្តល់ផលប្រយោជន៍ធំដល់រុស្ស៊ី៕