(ព្រុចសែល)៖ ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបនាថ្ងៃចន្ទនេះ បានសន្យាគ្នាថានឹងស្វែងរកកម្លាំងចលករសម្រាប់ការហាក់ជាប់គាំងនៃ កិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit ខណៈដែលភាគីទាំងពីរកំពុងព្យាយាមកសាងទំនាក់ទំនងថ្មី បន្ទាប់ពីអង់គ្លេសបានដកខ្លួនជាផ្លូវការ ចេញពី EU កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

ការចេញសេចក្តីថ្លែងការណ៍រួមរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានរំលេចឡើងថា កិច្ចពិភាក្សាពាណិជ្ជកម្មសរុបចំនួន៤ជុំ ត្រូវ បានរៀបចំឡើង ទោះបីត្រូវបានឆ្លងកាត់បញ្ហាប្រឈម ដែលបង្កដោយវិបត្តិជំងឺឆ្លងជាសកល COVID-19 យ៉ាងណាក្តី ហើយភាគីទាំងពីរ បានឯកភាពគ្នាថា ចាំបាច់ត្រូវមានកម្លាំងចលករថ្មីថែមទៀត នៅក្នុងដំណើរការចរចាលើបញ្ហានេះ ។

ការចេញសេចក្តីថ្លែងការណ៍រួមខាងលើធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាង នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen រួមជាមួយថ្នាក់ដឹកនាំ EU ដទៃទៀត។

គួរជម្រាបថា ចក្រភពអង់គ្លេសបានលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីការធ្វើប្រជាមតិ កាលពីខែមិថុនា ឆ្នាំ២០១៦៕