(ប៉េកាំង)៖ ប៉ុន្មានថ្ងៃមក រដ្ឋធានីប៉េកាំងនៃប្រទេសចិន បានរកឃើញករណីឆ្លងនៃជំងឺ COVID-19 ជាបន្តបន្ទាប់ដែលសុទ្ធតែជាប់ពាក់ព័ន្ធ នឹង ផ្សារធំមួយឈ្មោះ «ស៊ីនហ្វាទី»។ តើទីផ្សារស៊ីនហ្វាទីនេះ ជាទីផ្សារដែលលក្ខណៈយ៉ាងណា ហើយមូលហេតុអ្វីក្រុងប៉េកាំងដែលមិនបានរកឃើញករណីឆ្លងថ្មីៗ ក្នុងរយៈពេល៥៦ថ្ងៃជាប់ៗ សុខៗស្រាប់តែផ្ទុះមានការឆ្លងរាលដាលនៅទីផ្សារនេះទៅវិញ? តើ COVID-19 នៅក្នុង ផ្សារស៊ីនហ្វាទី ទំនងជាឆ្លងមកពីណា?

ផ្សារស៊ីនហ្វាទី នៃក្រុងប៉េកាំង ជាផ្សារលក់ដុំកសិផល ដែលមានទ្រង់ទ្រាយលក់ដូរធំជាងគេប្រចាំនៅទ្វីបអាស៊ី ជាមួយទំហំផ្ទៃដី១.១២លាន ម៉ែត្រក្រឡា។ ក្នុងទីផ្សារដ៏ធំនេះ មានបុគ្គលិកគ្រប់គ្រងជាង១,៥០០នាក់ និងមានស្តង់លក់ដូរជាង២,០០០កន្លែង។ ជារៀងរាល់ថ្ងៃ បរិមាណដឹកជញ្ជូនបន្លែគឺ១៨,០០០តោន និងផ្លែឈើ២០,០០០តោន។ ហើយក្នុងមួយថ្ងៃៗ ផ្លែឈើ បន្លែបង្កា ត្រី សាច់ ស៊ុត និងគ្រឿងសមុទ្រ ដែល អ្នករស់នៅប៉េកាំងបានទិញពីទីផ្សារគឺ៨០ភាគរយ ត្រូវបានទិញពីទីផ្សារស៊ីនហ្វាទីតែម្តង។

ទាក់ទិននឹងបញ្ហាថា ហេតុអ្វីបានជាករណីឆ្លង COVID-19 ស្រាប់តែត្រូវបានរកឃើញនៅក្នុងផ្សារស៊ីនហ្វាទី លោក Wu Zunyou ដែលជាអ្នកជំនាញខាងវេជ្ជសាស្ត្រជំងឺឆ្លង នៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់ប្រទេសចិនបាននិយាយថា វាទំនងជាមកពីកត្តាបរិស្ថាននៅទីផ្សារលក់ដូរដ៏ធំនេះផ្ទាល់បូកជាមួយចំនួនមនុស្សចេញចូលយ៉ាងច្រើន។

ពោលគឺទីមួយ៖ ក្នុងករណីសីតុណ្ហភាពកាន់តែទាប នោះវីរុសអាចសំងំរស់កាន់តែយូរ។ នៅក្នុងផ្សារស៊ីនហ្វាទី មានគ្រឿងសមុទ្រជាច្រើន ដែលសុទ្ធតែជាអាហារក្លាស្សេ ដូច្នេះក្នុងបរិស្ថានបែបនេះ វីរុសអាចរស់បានរយៈពេលយូរ ហើយក៏កាន់តែមានលទ្ធភាពឆ្លងទៅកាន់មនុស្ស។

ចំណុចទីពីរគឺ៖ ជារៀងរាល់ថ្ងៃ មានមនុស្សយ៉ាងច្រើនកកកុញចេញចូលផ្សារនេះ បើទោះមានវិធានការបង្ការក៏ដោយ ក្នុងករណីមានមនុស្សម្នាក់ផ្ទុកវីរុស នោះពេលគាត់ចូលក្នុងផ្សារ វានឹងមានលទ្ធភាពខ្ពស់នាំឲ្យមានការឆ្លងរីករាលដាលនៅក្នុងទីផ្សារ ។

រីឯមជ្ឈមណ្ឌលគ្រង់គ្រងជំងឺឆ្លងនៃក្រុងប៉េកាំងបានអះអាងថា ក្រោយការវិភាគចំពោះទិន្នន័យធ្វើតេស្តលើករណីឆ្លងថ្មីៗ ដែលពាក់ព័ន្ធនឹង ផ្សារស៊ីនហ្វាទី ប្រភពនៃវរីរុសទំនងជាចេញមកពីអ៉ីរ៉ប ហើយក៏បានធ្វើសេចក្តីសន្និដានជាជំហានដំបូងថា ចង្កោមនៃករណីឆ្លង COVID-19 ថ្មីៗដែលត្រូវបានរកឃើញ នៅក្នុងទីក្រុងប៉េកាំងលើកនេះជាករណីនាំចូលមកពីខាងក្រៅប្រទេស មិនមែនមកពីកន្លែងផ្សេងក្នុងប្រទេសចិននោះទេ។

គួរជម្រាបថា យ៉ាងណាក្តីអាជ្ញាធរក្រុងប៉េកាំង បាននិងកំពុងចាត់វិធានការយ៉ាងរឹងរ៉ឹងជាទីបំផុត។ ស្ថានីយធ្វើតេស្តរក COVID-19 ជាច្រើន កន្លែងត្រូវបានបង្កើតឡើងដើម្បីធ្វើតេស្តទ្រង់ទ្រាយធំនៅមនុស្សគ្រប់រូប ដែលស្ថិតក្នុងរដ្ឋធានីចិន។ ផ្សារស៊ីនហ្វាទី និងតំបន់ជុំវិញមួយចំនួនទៀត ត្រូវបានបិទជាបណ្តោះអាសន្នកាលថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពីបុគ្គលិកបម្រើការងារនៅទីនោះ រួមទាំងមនុស្សមួយចំនួនទៀតត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19។ ទោះជាបែបនេះក៏ដោយ ទីក្រុងប៉េកាំងជឿជាក់ខ្ពស់ថា នឹងអាចទប់ស្កាត់ការឆ្លងរាលដាលនេះបានដោយមិនបណ្តោយឲ្យវារាលដាលខ្លាំងក្លាឡើយ៕