(បរទេស)៖ យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិស្តុកហូម (Stockholm International Peace Research Institute ឬ SIPRI) ប្រចាំឆ្នាំ២០២០ បានធ្វើការបូកសរុបទិន្នន័យអំពីប្រទេសមហាអំណាចនុយក្លែរនានា នៅលើពិភពលោក ដែលមានការរីកចំរើនមកដល់ពេលបច្ចុប្បន្ននេះ។ ដូចអត្ថបទដែលបានចុះផ្សាយរួចមកហើយ រុស្ស៊ី និងអាមេរិក នៅតែជាមហាអំណាចនុយក្លេអ៊ែរកំពូលទាំងពីរលើលោក ប៉ុន្តែងាកមកកាន់មហាយក្សទាំងពីរ ប្រចាំទ្វីបអាស៊ីវិញនោះគឺប្រទេសចិន និងប្រទេសឥណ្ឌា តួលេខក្បាលគ្រាប់នុយក្លេអ៊ែរនៃប្រទេសទាំងពីរនេះ មានការប្រែប្រួលខ្លាំងគួរឲ្យភ្ញាក់ផ្អើល នោះគឺក្នុងមួយឆ្នាំចិនបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរថ្មីៗបាន ៣០គ្រាប់ ប៉ុន្តែក្នុងពេលដូចគ្នាឥណ្ឌាបង្កើនបានតែ ១០គ្រាប់ប៉ុណ្ណោះ។

របាយការណ៍ SIPRI បានបង្ហាញឲ្យឃើញថា នៅក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ គិតចាប់ពីខែមករា ឆ្នាំ២០១៩ មកដល់ខែមករា ឆ្នាំ២០២០ ប្រទេសចិនបានបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពី ២៩០គ្រាប់ទៅកាន់ ៣២០គ្រាប់ ខណៈប្រទេសឥណ្ឌាវិញបានបង្កើនត្រឹមតែពី ១៤០គ្រាប់ទៅកាន់ ១៥០គ្រាប់ប៉ុណ្ណោះ។ យោងតាមតួលេខនេះគេអាចគណនាបានថា ការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចិនថ្មីៗ មានអត្រាលើសឥណ្ឌារហូតដល់ទៅ ៣ដងឯណោះ។

គួរបញ្ជាក់ថា មហាយក្សចិន និងឥណ្ឌា កំពុងតែមានជម្លោះព្រំដែនជាមួយគ្នា នៅតាមតំបន់បណ្តោយជួរភ្នំហិម៉ាល័យ ខណៈប្រទេសទាំងពីរនេះក៏បាននិងកំពុងតែបង្កើតថវិកា ដើម្បីបង្កើនសមត្ថភាពវិស័យយោធា ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ប្រទេសចំនួនបីនាពេលបច្ចុប្បន្ន ដែលកំពុងចាយលុយលើវិស័យការពារជាតិច្រើនជាងគេលើលោកនោះ គឺសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសឥណ្ឌា។ នេះបើតាមរបាយការណ៍អន្តរជាតិ SIPRI ប្រចាំឆ្នាំ២០២០៕