(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រអាមេរិកបានព្រមានថា រលកទី ២ នៃការឆ្លងរាលដាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានចាប់ផ្តើមហើយ ខណៈវិធានការរឹតត្បិតនានា ត្រូវបានបន្ធូរបន្ថយនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយដោយទូរទស្សន៍អាមេរិក CNBC នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ វេជ្ជសាស្ត្រវ៉ាន់ដឺប៊ីល (Vanderbilt University School of Medicine) លោក វីលៀម ស្កាហ្វណឺ (William Schaffner) បានថ្លែងប្រាប់ទូរទស្សន៍ CNBC នៅថ្ងៃចន្ទនេះយ៉ាងដូច្នេះថា «រលកទី ២ នៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានចាប់ផ្តើមហើយ... យើងកំពុងបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ខណៈមនុស្សម្នាជាច្រើនមិនបានអនុវត្ត វិធានការរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាសមុខទៀតឡើយ»

អ្នកជំនាញខាងលើនេះ បានបន្ថែមទៀតថា «ការជួបជុំគ្នាច្រើន ក៏ដូចជាការជួបជុំតាមបែបសាសនា នៅតែបន្តកើតមានឡើង ខណៈពួកគេទាំងនោះភាគច្រើន មិនសូវខ្វល់ខ្វាយពីសុខភាពនោះទេ។ ជាការពិតណាស់ ការធ្វេសប្រហែសបែបនេះ ពិតជានាំទៅរកការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះកាន់តែរហ័សសាជាថ្មី»។ ទោះជាយ៉ាងណា សាស្រ្តាចារ្យរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា លោកមិនគិតថាវិធានការបិទទ្វារប្រទេស ដើម្បីទប់ស្កាត់ផលប៉ះពាល់ COVID-19 នឹងកើតឡើងជាលើកទី ២ នោះទេ។

គួរជម្រាបថា រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗ ជារៀងរាល់ថ្ងៃ ខណៈវិធានការរឹតត្បិតនានាត្រូវបានបន្ធូរបន្ថយនៅទូទាំងប្រទេស។ សហរដ្ឋអាមេរិកមានករណីឆ្លងខ្ពស់បំផុតនៅលើពិភពលោក ដោយមនុស្សជាង ២.១លាននាក់ បានឆ្លងជំងឺនេះ ដោយក្នុងនោះអ្នកជំងឺចំនួនជាង ១១៥,០០០នាក់បានស្លាប់បាត់បង់ជីវិត៕