(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃចន្ទនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់ ១១,៥០២នាក់ និងករណីស្លាប់ ៣២៥នាក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ៣៣២,៤២៤ករណី ដោយក្នុងនោះអ្នកជំងឺ ៩,៥២០នាក់បានស្លាប់ និង ១៦៩,៧៩៨នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៥៣,១០៦នាក់។

គួរជម្រាបថា នៅចំពោះមុខនៃការកើនឡើងយ៉ាងឆាប់រហ័សនៃតួលេខអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី គ្រោងនឹងបើកកិច្ចពិភាក្សាជាមួយអភិបាលរដ្ឋទាំងអស់ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Video Conference) នៅថ្ងៃទី ១៦ និង ១៧ ខែមិថុនានេះតែម្តង ដើម្បីរៀបចំយុទ្ធសាស្រ្ត ក្នុងការជម្នះវិបត្តិសកលមួយនេះ៕