(ប៉េកាំង)៖ គិតចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញនេះ អាជ្ញាធរសុខាភិបាលទីក្រុងប៉េកាំង បានចាប់ផ្តើមការធ្វើតេស្តរក COVID-19 ក្នុងលក្ខណៈទ្រង់ទ្រាយធំនៅទូទាំងរដ្ឋធានីចិនមួយតែម្តង បន្ទាប់ពីមានការផ្ទុះឡើងករណីឆ្លងជាចង្កោមថ្មីនៅក្នុងផ្សារលក់ទំនិញមួយកន្លែង ខណៈវិធានការណ៍ទប់ស្កាត់នានា ត្រូវបានរឹតបន្តឹងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

ការឆ្លងរីករាលដាល COVID-19 នៅក្នុងប្រទេសចិនត្រូវបានគ្រប់គ្រងយ៉ាងជោគជ័យ ក្រោមចំណាត់ការបិទទ្វារដ៏តឹងរ៉ឹង ដែលបានដាក់ចេញកាលពីដើមឆ្នាំនេះ នៅទីក្រុងវូហាន និងខេត្តហ៊ូប៉ី។ ប៉ុន្តែការរកឃើញចង្កោមថ្មី នៃការឆ្លងរីករាលដាលជំងឺនេះ ដែលមានជាប់ពាក់ព័ន្ធទៅនឹងផ្សារលក់ទំនិញ ដ៏ធំមួយនៅរដ្ឋធានីប៉េកាំង វាបានធ្វើឲ្យវិធានការទាំងនោះ វិលត្រឡប់មកវិញយ៉ាងតានតឹងបំផុត។

មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេមានគម្រោងធ្វើតេស្ត COVID-19 លើមនុស្សចំនួន ៤៦,០០០នាក់នៅក្នុងតំបន់ជុំវិញផ្សារលក់ទំនិញខាងលើ និងបានបង្កើតស្ថានីយ៍ធ្វើតេស្តចំនួន ២៤កន្លែង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជន។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលចិនក៏បានបញ្ជាក់ដែរថា ក្រោយការប្រកាសអំពីករណីឆ្លង COVID-19 ផ្ទុះឡើងនៅផ្សារលក់ទំនិញប្រចាំថ្ងៃ ស៊ីនហ្វាទី (Xinfadi) នៅថ្ងៃសុក្រសប្តាហ៍មុន អាជ្ញាធរបានរកឃើញអ្នកឆ្លងសរុប ០៦នាក់, ថ្ងៃសៅរ៍ចំនួន ៥៧នាក់ និងថ្ងៃអាទិត្យម្សិលមិញចំនួន ៣៦នាក់។

គួរជម្រាបថា ផ្សារលក់ទំនិញធំមួយនៅទីក្រុងប៉េកាំងឈ្មោះ ស៊ីនហ្វាទី (Xinfadi) និងតំបន់ជុំវិញមួយចំនួនទៀត ត្រូវបានបិទជាបណ្តោះអាសន្នកាលថ្ងៃសៅរ៍ ទី១៣ ខែមិថុនាកន្លងទៅនេះ ក្រោយពីបុគ្គលិកបម្រើការងារក្នុងនោះ រួមទាំងមនុស្សមួយចំនួនទៀតសរុប ០៦នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19៕