(តៃវ៉ាន់)៖ ជំងឺរាតត្បាតសកល COVID-19 បានបង្កឱ្យសកម្មភាពសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះយ៉ាងគំហុក និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មជាច្រើន។ ប៉ុន្តែឧស្សាហកម្មផលិតកង់ ជាពិសេសនៅកោះតៃវ៉ាន់ ដែលជាអ្នកផលិតកង់ឈានមុខគេមួយនៅលើពិភពលោក បែរជាទទួលបានការបញ្ជាទិញ ច្រើនលើសលប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

ឧស្សាហកម្មផលិតកង់នៅកោះតៃវ៉ាន់ ទទួលបានការបញ្ជាទិញខ្ពស់ពីអតិថិជននៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលនេះបានចូលរួមចំណែករកចំណូល ឱ្យសេដ្ឋកិច្ចដែនកោះមួយនេះបានមួយផ្នែក ខណៈពិភពលោកទាំងមូលកំពុងប្រឈមមុខ នឹងការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចយ៉ាងគំហុគ ដោយសារជំងឺឆ្លងរាតតត្បាតសកល COVID-19។

គួរជម្រាបថា កាលពីឆ្នាំ២០១៩ តៃវ៉ាន់បាននាំចេញកង់ធម្មតាមានតម្លៃ ១.៣៦ពាន់លានដុល្លារ ទៅកាន់ទីផ្សារពិភពលោក ខណៈកង់ប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិក ត្រូវបាននាំចេញក្នុងតម្លៃ ៨៦៣លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមាន ៣៧៧លានដុល្លារ ហើយក្នុងនោះទៀតសោតទីផ្សារធំសម្រាប់តៃវ៉ាន់ គឺបណ្ដាប្រទេសនៅអឺរ៉ុប។ ដោយឡែក ការនាំចេញកង់អេឡិចត្រូនិករបស់កោះតៃវ៉ាន់ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះវិញ បានបំបែកកំណត់ត្រាថ្មីមួយ ដោយកើនដល់ ៣០១លានដុល្លារ ឬកើនឡើង ២៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕