(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តូស៊ីមីតស៊ូ ម៉ូតេគិ (Toshimitsu Motegi) បានថ្លែងនៅថ្ងៃចន្ទនេះថា វាមិនមែនជាការពិតនោះឡើយ ចំពោះព័ត៌មានដែលចេញផ្សាយថា ជប៉ុនបានលើកលែងបំរាមលើការធ្វើដំណើររបស់ជនបរទេស ចូលប្រទេសដីកោះមួយនេះ ខណៈវាត្រូវបានដាក់ដើម្បីការពារការនាំចូល និងចម្លងជំងឺ COVID-19 នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

កាលពីសប្តាហ៍មុននេះ កាសែតមួយរបស់ជប៉ុនមានឈ្មោះថា យ៉ូមីអ៊ូរិ (Yomiuri daily) បានចុះផ្សាយថា ជប៉ុនប្រហែលជាបើកព្រំដែនពាណិជ្ជកម្មជាមួយអូស្ត្រាលី នូវែលសេឡង់ វៀតណាម និងថៃឡើងវិញនៅប៉ុន្មានខែខាងមុខនេះ។ ឆ្លើយតបការផ្សាយរបស់ Yomiuri លោក Motegi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលជប៉ុនកំពុងតែពិនិត្យមើលអំពីមធ្យោបាយ ក្នុងការបន្ធូរបន្ថយវិធានការបិទប្រទេស តាមរយៈការពិចារណាលើកត្តាសំខាន់ៗយ៉ាងប្រុងប្រយ័ត្ន ហើយយើងនឹងប្រកាសអំពីការបន្ធូរបន្ថយវិធានការរឹតត្បិត ប្រសិនបើមានការសម្រេចចិត្ត»

គួរបញ្ជាក់តាមរដ្ឋមន្ត្រីការបរទេសជប៉ុនខាងលើនេះទៀតថា ប្រទេសជប៉ុនក៏បានព្រមព្រៀងជាមួយ សមភាគីវៀតណាម អូស្ត្រាលី និងនូវែលសេឡង់រួចហើយដែរ ដើម្បីពិភាក្សាអំពីការអនុញ្ញាតឲ្យអ្នក ដែលត្រូវការការធ្វើដំណើរនោះ អាចចាប់ផ្តើមឡើងវិញជាមួយជប៉ុន។ បច្ចុប្បន្នជប៉ុនមានករណីឆ្លង COVID-19 សរុប ១៧,១០៩ករណី ក្នុងនោះស្លាប់ ៩២៥នាក់ និងជាសះស្បើយវិញ ១៥,៦៤៣នាក់ ខណៈអត្រានៃការរាតត្បាតជំងនេះត្រូវបានគេមើលឃើញថា បានធ្លាក់ចុះវិញគួរឲ្យកត់សម្គាល់៕