(អេក្រា)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសហ្គាណា លោក ក្វាគូ អាកយែម៉ាង ម៉ានូ (Kwaku Agyemang-Manu) ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19 ខណៈករណីឆ្លងជំងឺក្នុងប្រទេសអាហ្វ្រិកមួយនេះ កើនឡើងរហូតដល់រាប់ម៉ឺនករណីទៅហើយ។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

ដំណឹងខាងលើនេះត្រូវបានប្រកាសដោយប្រធានាធិបតី នៃប្រទេសអាហ្វ្រិកមួយនេះតែម្តងគឺលោក អេដឌូ ដង់វ៉ា អាគូហ្វូ អាដឌូ (Addo Dankwa Akufo-Addo) នៅថ្ងៃអាទិត្យសប្តាហ៍នេះ (ម៉ោងនៅទីក្រុងអេក្រា)។ លោក Addo បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីជូនពរដល់រដ្ឋមន្ត្រីសុខាភិបាលរបស់យើង ឲ្យឆាប់បានជាសះស្បើយពីជំងឺ COVID-19 ត្បិតថាលោករដ្ឋមន្ត្រីបានឆ្លងជំងឺនេះ កំឡុងពេលលោកកំពុងបំពេញភារកិច្ចយ៉ាងសកម្ម»

រដ្ឋមន្រ្តីក្រសួងសុខាភិបាលដែលបានដឹកនាំការអប់រំសាធារណៈ ស្តីពីវិធីសាស្ត្រនៃការពារជំងឺឆ្លង បានក្លាយជាមន្ត្រីរដ្ឋាភិបាលប្រទេសហ្គាណាចុងក្រោយគេ ដែលបានធ្វើតេស្តឃើញវិជ្ជមាន ចំពោះជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ នៅក្នុងសេចក្តីប្រកាសខាងលើប្រធានាធិបតីហ្គាណា ក៏បានប្រកាសពីមរណភាពរបស់អភិបាលក្រុងម្នាក់ផងដែរ ដោយសារជំងឺ COVID-19។

គួរជម្រាបថា បច្ចុប្បន្នប្រទេសអាហ្រ្វិកមួយនេះ បានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ១១,៩៦៤ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៥៤នាក់ស្លាប់បាត់បង់ជីវិត និង ៤,២៥៨នាក់ទៀតបានជាសះស្បើយឡើងវិញ គិតត្រឹមថ្ងៃចន្ទ ទី១៥ ខែមិថុនានេះ៕