(ទុយនីស)៖ នាយករដ្ឋមន្ត្រីទុយនីស៊ីលោក អេលីយេ ហ្វាកហ្វាក (Elyes Fakhfakh) បានថ្លែងថា ប្រទេសអាហ្វ្រិកខាងជើងមួយនេះ បានយកឈ្នះលើជំងឺ COVID-19 ហើយ ខណៈលោកបានថ្លែងអំណរគុណ ចំពោះប្រជាជាតិទាំងមូលដែលបានរួបរួមគ្នា ជាធ្លុងមួយ ទើបអាចសម្រេចបានជ័យជម្នះនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយយទូរទស្សន៍ឯកជនក្នុងស្រុក អាតថាសៀ (Attasia) លោក Fakhfakh បានអំពាវនាវឲ្យជនជាតិទុយនីស៊ីទាំងអស់ «មានមោទនភាព» ចំពោះលទ្ធផលដ៏គួរឲ្យកោតសរសើរ ដែលប្រជាជាតិមួយនេះសម្រេចបាន។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានខិតខំប្រឹងប្រែង ទើបយើងសម្រេចបាននូវជោគជ័យ។ ទុយនីស៊ីអាចគ្រប់គ្រងវីរុសនេះបានហើយ ប៉ុន្តែការយកចិត្តទុកដាក់ខ្ពស់ត្រូវតែបន្ត ដើម្បីធ្វើឲ្យជំងឺនេះរលាយបាត់ទាំងស្រុង»

គួរបញ្ជាក់ថា គិតចាប់តាំងពីការរកឃើញករណីឆ្លង COVID-19 ដំបូងចាប់ពីថ្ងៃទី០២ ខែមីនា មកដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០នេះតែម្តង ទុយនីស៊ីមានករណីឆ្លងជំងឺនេះសរុប ១,០៩៦ករណីប៉ុណ្ណោះ ក្នុងនោះអ្នកជំងឺ ៤៩នាក់ស្លាប់ និង ៩៩៨នាក់ជាសះស្បើយ។ ទន្ទឹងនឹងការប្រកាសជោគជ័យនេះ ទុយនីស៊ីក៏គ្រោងបើកផ្លូវអាកាស និងព្រំដែនគោកឡើងវិញនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះតទៅដែរ ហើយភ្ញៀវទេសចរ ឬអ្នកដំណើរមកកាន់ប្រទេសមួយនេះទាំងអស់ ត្រូវតែគោរពតាមគោលការណ៍រក្សាសុវត្ថិភាព៕