(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នេះបានប្រកាសពីការរកឃើញ COVID-19 រហូតដល់ ៩៧៩ករណីថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនករណីឆ្លងសរុបកើនដល់ ៣៥,២៩៥ករណី។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងសន្និសីទសារព័ត៌មាន មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក អាកម៉េដ យូរៀនតូ (Achmad Yurianto) បានបន្ថែមថា អ្នកស្លាប់ចំនួន ៤១នាក់ថ្មីទៀត ក៏ត្រូវបានរាយការណ៍ផងដែរនាំ ឱ្យអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ២,០០០នាក់ ខណៈអ្នកជាសះស្បើយហក់ឡើងដល់ ១២,៦៣៦នាក់ ក្រោយអ្នកជំងឺ ៥០៧នាក់ថ្មីទៀតទើបត្រូវបានអនុញ្ញាត​ឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើតាមលោក Achmad Yurianto បច្ចុប្បន្នខេត្តទាំង ៣៤ នៅក្នុងប្រទេសឥណ្ឌូណេស៊ី សុទ្ធតែមានករណីឆ្លង COVID-19 ហើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខេត្តដែលមានអាត្រាឆ្លងខ្ពស់រួមមាន សូម៉ាត្រាខាងជើង, រដ្ឋធានីហ្សាការតា, ជ្វាខាងកើត, កាលីម៉ាន់តាន់ខាងត្បូង និងស៊ូឡាវេស៊ីខាងត្បូងជាដើម៕